ព្រំ សំណាង អាចក្លាយជាតួឯកក្នុងរឿង “អ្នកតាឃ្លាំងមឿង” ប៉ុន្ដែមានអ្នកផ្ដាំថាប្រយ័ត្នដូច ឡៅ ចន្ទ្រា

  • 2023-03-24 03:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេសលើសមត្ថភាពវាយរបស់កីឡាករ ព្រំ សំណាង នៅលើសង្វៀនក្នុងរយៈពេលចុងក្រោយនេះ ឥឡូវលោកទទួលបានឱកាសថ្មីមួយទៀត គឺជាតួអង្គឯកក្នុងខ្សែភាពយន្ដបែបប្រវត្ដសាស្ដ្ររបស់ខ្មែរ។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ ២៥ sport ដែលតែងតែទម្លាយរឿងរ៉ាវពិតរបស់កីឡាករខ្មែរទាំងនៅលើសង្វៀន និងក្រៅសង្វៀន ឲ្យដឹងថា អ្នកលេងជង្គង់ពិឃាត ព្រំ សំណាង ត្រៀមចូលប្រឡូកក្នុងវិស័យភាពយន្ដជាលើកដំបូង តាមរយៈរឿង “អ្នកតាឃ្លាំងមឿង” ដែលកីឡាកររូបនេះជាតួអង្គអ្នកតាឃ្លាំងមឿងតែម្ដង។

ទោះជាយ៉ាងណាព័ត៌មានផ្លូវការជុំវិញដំណើរការថត និងផលិតករទទួលបន្ទុកក្នុងរឿងនេះ មិនត្រូវបានប្រភពខាងលើទម្លាយចេញនៅឡើយទេ។ ប៉ុន្ដែក្រោយពីបញ្ចេញនូវដំណឹងនេះ មហាជន ជាពិសេសអ្នកគាំទ្រកីឡាករ ព្រំ សំណាង បានសម្ដែងការត្រេកអរ។ ទន្ទឹមគ្នានោះក៏មានអ្នកព្រួយបារម្ភខ្លះដែរ។

លោក ពិតទ័រ ដែលជាអ្នកគាំទ្រ ព្រំ សំណាង ម្នាក់បានសម្ដែងក្ដីបារម្ភនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះថា៖ “រវល់ថតកុន ហាត់បានតិច ប្រយ័ត្នធ្លាក់ដូច កីឡាករ ឡៅ ចន្ដ្រា”។

ស្រដៀងគ្នានឹងលោក ពិតទ័រ ដែរ អ្នកគាំទ្រមួយចំនួន ខ្លាចពេលថតរឿង រវល់រកពេលហាត់លែងបាន ឬពុំមានពេលហាត់គ្រប់គ្រាន់ ធ្វើឲ្យធ្លាក់ទឹកដៃក្នុងការប្រកួត។ ពេលនោះហើយដែល ព្រំ សំណាង អាចបាត់ប្រជាប្រិយភាព ឬបាត់ការគាំទ្រទាំងស្រុងផងក៏ថាបាន។ ក្នុងចំណោមអ្នកចូលអាន និងសម្ដែងមតិក្នុងរឿងនេះតាមបណ្ដាញសង្គម បានផ្ដាំ ព្រំ សំណាង ថា៖ “ទោះបីរវល់យ៉ាងណា ក៏មិនត្រូវភ្លេចការហ្វឹកហាត់បន្ថែមដែរ ដើម្បីរក្សានូវគុណភាព និងកេរ្ដិ៍ឈ្មោះល្បីល្បាញ”៕

ជិន សុភ័ក្ដ្រ