ឡាវប្រកាសហើយ! ហាមដាច់ខាត នាំចូលសាច់ជ្រូកពីវៀតណាម និងថៃ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកខ្លាំង

  • 2023-03-24 06:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រកាសផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសថៃ និងវៀតណាម ក្នុងពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

យោងតាមរបាយការណ៍ចេញផ្សាយរបស់គេហទំព័ររបស់ក្រសួងកសិកម្មបានឱ្យដឹងថា នាយកដ្ឋានបសុសត្វ និងនេសាទបានហាមឃាត់ការនាំចូលសាច់ជ្រូក រួមទាំងជ្រូករស់ និង ផលិតផលកែច្នៃពីប្រទេសថៃ និងវៀតណាមទៅកាន់ប្រទេសឡាវ។

នាយកដ្ឋាននឹងរឹតបន្តឹង និងត្រួតពិនិត្យការនាំចូលខុសច្បាប់តាមច្រកអន្តរជាតិ ច្រកព្រំដែនក្នុងស្រុក និងច្រកព្រំដែនគយ។ បន្ថែមលើនេះ សាច់ជ្រូកដែលត្រូវបានគេរត់ពន្ធ ឬនាំចូលខុសច្បាប់ចូលប្រទេសឡាវ ត្រូវតែបំផ្លាញចោល ទាំងអស់។ អ្នកដែលបំពាននឹងបទប្បញ្ញត្តិត្រូវប្រឈមមុខនឹងការព្រមាន ឬត្រូវកាត់ទោសតាមច្បាប់។

ជាមួយគ្នានេះ រដ្ឋាភិបាលឡាវ បានណែនាំដល់កសិករឡាវ ឱ្យតាមដានសត្វឈឺ និងសម្លាប់សត្វទាំងនោះ ប្រសិនបើរកឃើញថាមានផ្ទុកមេរោគនេះ ដើម្បីការពារការរីករាលដាលនៃជំងឺ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF មិនអាចឆ្លងពីសត្វទៅមនុស្សបានទេ ប៉ុន្តែមនុស្សអាចចម្លងជំងឺនេះបាន៕

កែសម្រួល៖ សៀនហួរ

អត្ថបទថ្មី