កាន់តែប្លែក! ហង្សមាស គ្រោងប្រមូលតារាចម្រៀងលំដាប់កំពូល ១៦ដួង ច្រៀងក្នុងបទតែមួយ

  • 2023-03-24 08:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ កាន់តែខិតជិតចូលមកដល់។ ផលិតកម្ម និងក្រុមហ៊ុនធំៗ បានថតកម្មវិធីសង្គ្រាន្ដឆ្នាំថ្មី ដើម្បីអបអរសាទរក្នុងឱកាសនេះ ដោយបង្ហាញពីភាពអស្ចារ្យរៀងៗខ្លួន។ ដោយឡែកផលិតកម្ម ហស្សមាស ក៏បានបង្ហាញគម្រោងថតកម្មវិធីសង្គ្រាន្ដដ៏អស្ចារ្យមួយដែរ ដោយប្រមូលតារាចម្រៀងល្បីៗច្រៀងរួមគ្នារហូតដល់ទៅ ១៦ដួង ច្រៀងក្នុងបទ“សង្គ្រាន្ដខ្មែរ”តែមួយ។

លោក ណុប បាយ៉ារិទ្ធ បានបង្ហើបដំណឹងនេះតាមបណ្ដាញសង្គមផ្ទាល់ខ្លួនថា រូបលោកទទួលបានការទុកចិត្ដ និងចាត់ចែងឲ្យរៀបចំកម្មវិធីសង្គ្រាន្ដឆ្នាំថ្មី ឆ្នាំ២០២៣។ លោកក៏បានអគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានផ្ដល់ឱកាសឲ្យលោកបញ្ចេញសមត្ថភាពថ្មីនេះផង និងដឹកនាំគម្រោងផលិតចម្រៀងថ្មីមួយបទទៀត ដោយមានការជ្រោមជ្រែងពីអ្នកនិពន្ធបទភ្លេង គឺលោកសាន់ សុវណ្ណឌីន និងលោក លី ស៊ីនហួន ច្រៀងដោយតារាចម្រៀងគ្រួសារហង្សមាសចំនួន ១៦ដួង ក្នុងបទមួយនេះសម្រាប់អបអរក្នុងឱកាសឆ្នាំថ្មីខាងមុខ។

លោក ណុប បាយ៉ារិទ្ធ៖ “សង្គ្រាន្ដខ្មែរ មានអត្ថន័យ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងជាមួយទំនុកច្រៀង សម្លេងតូរ្យតន្រ្តី ឧបករណ៍ភ្លេងដែលមានចរិកលក្ខណៈជាទម្រង់បែបខ្មែរ។ ចម្រៀងមួយបទនេះក៏ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរវាង ខ្ញុំ លោកគ្រូភ្លេង អ្នកនិពន្ធទំនុកច្រៀង និងប្អូនៗតារាចម្រៀងទាំងអស់ ដែលបានឆ្លងកាត់នៅរឿងរ៉ាវជីវិតដ៏មិនអាចបំភ្លេចបានជាមួយគ្នា ក្នុងកំឡុងពេលផលិតបទចម្រៀងមួយបទនេះ”។

សូមរំលឹកថា កាលពីឆ្នាំ២០២២ បងប្អូនបានរីករាយស្តាប់កម្សាន្តជាមួយបទចម្រៀងមួយបទក្រោមចំណងជើងថា “ពរជ័យហង្សមាស” ដែលជាបទចម្រៀងកើតឡើងពីគំនិតផ្តួចផ្តើមរបស់លោក ណុប បាយ៉ារិទ្ធ ផ្ទាល់។ កាលណោះលោកទទួលបានការសហការផលិតបានយ៉ាងល្អពីលោក គង់ សុភក្តី ជាអ្នកនិពន្ធ និងសម្រួលតន្ត្រី ព្រមទាំងលោកលី ស៊ីនហួន ជាអ្នកនិពន្ធទំនុកច្រៀង ហើយច្រៀងដោយតារាចម្រៀងស្រី ៥ដួង គឺអ្នកនាង ឱក សុគន្ធកញ្ញា ផន ស្រីខួច ចម្រើន សុភ័ក្រ ឈីន រតនៈ និងកញ្ញា ម៉ង់ ចាន់កញ្ញា៕

ជិន សុភ័ក្ដ្រ