ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅកម្ពុជា រំលេចពីភាពចាំបាច់នៃការធ្វើសកម្មភាពបន្ថែមដើម្បីស្តារភពផែនដី

  • 2023-03-25 16:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាសក្ខីកម្មនៃការធ្វើសកម្មភាពរួមគ្នាដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរវិជ្ជមាន។ ក្នុងឆ្នាំនេះដែរ ប្រជាជនកម្ពុជា និងទូទាំងពិភពលោកបានចូលរួមប្រារព្ធឆន្ទះមួយម៉ោងសម្រាប់ភពផែនដីយើង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា ក្នុងនាមជាប្រជាជន នៃភពផែនដីរ យើងសូមឧទ្ទិសការដឹងគុណចំពោះភពផែនដីដែលបានផ្តល់ខ្យល់អុកស៊ីសែនដល់យើងសម្រាប់ដកដង្ហើម ទឹកនិងអាហារសម្រាប់ទទួលទាន ទ្រទ្រង់ការសាយភាយលំអងរុក្ខជាតិច្រើនប្រភេទ ការពារមនុស្សជាតិពីគ្រោះធម្មជាតិនានា ព្រមទាំង ផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចាំបាច់សម្រាប់គាំទ្រដល់ជីវិតមនុស្ស។ លក្ខណៈពិសេសនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ភពផែនដីទាំងអស់នេះសរបញ្ជាក់ពីទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយភពផែនដី។

លោក នេត្រ ភក្ដ្រា៖ “យើងត្រូវរួមគ្នាធ្វើសកម្មភាពពេលនេះជាងពេលណាៗទាំងអស់ ដើម្បីតបស្នងដល់ភពផែនដីវិញក្នុងការរស់នៅប្រចាំថ្ងៃតាមរយៈសកម្មភាពផ្សេងៗ រាប់ចាប់តាំងពីការកាត់បន្ថយនូវធនធានដែលយើងមាន (Reduce) ការប្រើប្រាស់ឡើងវិញធនធានដែលយើងមាន (Reuse) និងការកែច្នៃឡើងវិញធនធានដែលយើងមាន(Recycle) ក៏ដូចជាការមិនបរិភោគសាច់សត្វព្រៃ មិនជាវផលិតផលពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ដូចជាការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីកម្ពុជា”។

ប្រជាជនគ្រប់រូបត្រូវចូលរួមចំណែកក្នុងការបង្កើនឥទ្ធិពលនៃសកម្មភាពរួមជាវិជ្ជមានសម្រាប់ភពផែនដី។ ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជានិមិត្តរូបនៃការបង្រួបបង្រួម ហើយក្នុងឆ្នាំ២០២៣នេះ អំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើ ពិភពលោកឲ្យអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀតដើម្បីស្តារភពផែនដីឡើងវិញ សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែករដ្ឋលេខាធិការក្រសួងទេសចរណ៍លោក តុប សុភ័ក បានសង្កត់ធ្ងន់ថា វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់លែងគ្រប់គ្រាន់ទៀតហើយ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមបង្កើនសកម្មភាពបន្ថែមទៀត។ សុខភាពសាធារណៈ សង្គមប្រកបដោយបរិយាបន្ន និងការអភិរក្សជីវៈចម្រុះសុទ្ធសឹងជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសង្គមជុំវិញពិភពលោក អនុវត្តក្នុងការស្តារភពផែនដីឡើងវិញប្រកបដោយភាពធន់និងរឹងមាំ ក្នុងន័យនេះ ការអនុវត្តស្តង់ដានៃគោលការណ៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវអាចជួយដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

ព្រឹត្តិការណ៍ចុងក្រោយមួយចំនួនដែលបានកើតឡើងបានជម្រុញឲ្យមនុស្សនៅជុំវិញពិភពលោកងាកមកគិតគូរសារឡើងវិញអំពីសារៈសំខាន់នៃធម្មជាតិ ទំនាក់ទំនងរបស់ធម្មជាតិក្នុងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា និងកត្តាគំរាមកំហែងដែលធម្មជាតិកំពុងប្រឈម។ លក្ខខ័ណ្ឌទាំងអស់នេះបានបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដីដែលបច្ចុប្បន្នសុទ្ធតែកំពុងស្ថិតក្រោមការគំរាមកំហែងពីសកម្មភាពផ្សេងៗ។

បន្ថែមពីលើតំណាងពីខាងរាជរដ្ឋាភិបាលលោក សេង ទៀក ដែលជានាយកអង្គការWWF បានឲ្យដឹងថា៖ «ធម្មជាតិគឺជាសម្ព័ន្ធមិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិនិងជីវៈចម្រុះជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខមាលភាពក៏ដូចជាផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម។ លោកបានបន្តថា៖ “ការស្តារធម្មជាតិនិងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយឈ្នះឈ្នះដើម្បីសង្គ្រោះសុខមាលភាពបរិស្ថាន និងមនុស្សជាតិ”។

នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ គ្រឹះស្ថានសាធារណៈ សហគមន៍ វិស័យឯកជន និងប្រជាជនគ្រប់រូបនៅគ្រប់ទិសទីត្រូវបានលើកទឹកចិត្តឲ្យផ្តល់ពេលវេលាចំនួនមួយម៉ោងសម្រាប់ភពផែនដីតាមរយៈការធ្វើសកម្មភាពវិជ្ជមាន ទោះតិចឬច្រើនក្តី សកម្មភាពតូចឬធំក្តី ដើម្បីស្តារភពផែនដីឲ្យកាន់តែប្រសើរឡើងវិញ។ ក្រោមប្រធានបទ “ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ”។ នេះគឺជាខួបទី១៤ហើយដែលប្រទេសកម្ពុជាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលប្រព្រឹត្តឡើងដោយមានការតាំងពិព័រណ៍សមិទ្ធផលការងារបរិស្ថាន ផលិតផលការងារសហគមន៍ វេទិការពិភាក្សា ព្រមទាំងការប្រគុំតន្រ្តី ការសម្តែងសិល្បៈ សំដៅបង្កើនការយល់ដឹងពីបរិស្ថានក៏ដូចជាសម្រាប់ការកំសាន្តផងដែរ។

កម្មវិធីបិទភ្លើងមួយម៉ោងជានិមិត្តរូប នឹងត្រូវបានរៀបចំឡើងនៅវេលាម៉ោង៨៖៣០យប់នេះ។ ប្រជាជនក្នុងប្រទេសកម្ពុជានិងនៅលើពិភពលោកនឹងចូលរួមបង្ហាញឆន្ទៈចំពោះការការពារភពផែនដីដោយបិទភ្លើងនៅតាមអគារនិងគេហដ្ឋានព្រមគ្នានៅពេលតែមួយ ខណៈដែលមនុស្សប្រមាណជាង១ពាន់នាក់នឹងចូលរួមបិទភ្លើងមួយម៉ោង នៅ FACTORY Phnom Penh ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ រាជធានីភ្នំពេញ៕

ជិន សុភ័ក្ដ្រ