Grand Hyatt Manila សណ្ឋាគារប្រណិតលំដាប់ពិភពលោក ឈរជាអគារខ្ពស់ជាងគេបំផុតនៅហ្វីលីពីន
- 2023-03-27 06:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Grand Hyatt Manila សណ្ឋាគារប្រណិតលំដាប់ពិភពលោក ឈរជាអគារខ្ពស់ជាងគេបំផុតនៅហ្វីលីពីន
ចន្លោះមិនឃើញ
ហ្វីលីពីន ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមាន ម៉ានីឡា ជារដ្ឋធានី។ ប្រទេសនេះមានប្រជាជនរស់នៅជាង ១០៩លាននាក់។ នេះបើយោងតាមស្ថិតិនៅក្នុងឆ្នាំ ២០២០។ ហ្វីលីពីន ជាប្រទេសកោះ ដែលមានកោះរហូតដល់ទៅ ៧៦៤១កោះ ឯណោះ។
និយាយទៅដល់អគារខ្ពស់ៗ ហ្វីលីពីន មានអគារ១ដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសនោះ គឺអគារ Grand Hyatt Manila។ អគារ Grand Hyatt Manila មានកម្ពស់រហូតដល់ទៅ ៣១៨ម៉ែត្រ និងមានជាន់សរុបទាំងអស់ ៥៧ជាន់។ អគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសហ្វីលីពីននេះ មានទីតាំងស្ថិតនៅ Bonifacio Global City នៃតំបន់ទីប្រជុំជន Metro Manila។
Grand Hyatt Manila ចាប់ផ្តើមបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ ២០១១ និង បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ ២០១៦។ អគារដ៏ខ្ពស់ស្កឹមស្កៃនេះ ចាយប្រាក់ក្នុងការសាងសង់សរុបអស់ខ្ទង់ ៣០០លានដុល្លារអាមេរិក។ ចំពោះការរចនានៃរូបរាងអគារវិញ គឺចេញប្លង់ដោយ Wong & Ouyang Casas Architects។ សណ្ឋាគារ Grand Hyatt Manila មានបន្ទប់សរុបទាំងអស់ ៤៦១បន្ទប់។
សណ្ឋាគារ Grand Hyatt Manila ត្រូវបានវិនិយោគដោយក្រុមហ៊ុន Federal Land ដែលជាក្រុមហ៊ុនធំមួយនៅហ្វីលីពីន មានបុត្រសម្ព័ន្ធជាច្រើននៅក្នុងដៃ។ កាត់ខ្សែបូ សម្ពោធនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ ដោយប្រធានក្រុមហ៊ុន Federal Land លោក George Ty និង លោក Rodrigo Duterte ដែលពេលនោះលោកកាន់តំណែងជាប្រធានាធិបតី។ សណ្ឋាគារប្រណិតលំដាប់ពិភពលោកមួយនេះ បើកដំណើរការទទួលភ្ញៀវជាផ្លូវការនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨៕