ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជា​តាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក

  • 2023-03-30 09:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ៣០ មិនា ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅ​កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រវិស័យកីឡានៅកម្ពុជា​ចូលរួមចំណែកក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងយុទ្ធនាការបំបែកកំណត់ត្រាការបត់បេះដូងច្រើនបំផុតលើពិភពលោក ដើម្បីគាំទ្រស៊ីហ្គេម និងប៉ារ៉ាហ្គេមដំបុូងគេនៅកម្ពុជា។

យុទ្ធនាការ «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្នែកមួយនៃ​ #BeyondTheGames ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់មហាជនដែលចង់ចូលរួមគាំទ្រ អាចបង្ហាញទឹកចិត្ដស្រឡាញ់ និងការបរិច្ចាគដោយប្រយោល ទៅកាន់កីឡាករ-កីឡាការិនីដែលមានពិការភាព នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣។ អ្នកចូលរួមអាចបត់ក្រដាសពណ៌ចេញជារូបបេះដូងមួយ ឬច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ដែល ហើយក្រុមហ៊ុន និងស្ថាប័នឯកជនចំនួន ៥ រួមមានក្រុមហ៊ុន Smart ជាអ្នកផ្ដល់ថវិកាបរិច្ចាគដោយផ្ទាល់ទៅកាន់កីឡាករ ដោយផ្នែកលើចំនួនរូបបេះដូងដែលប្រមូលបានជាក់ស្ដែង នៅដើមខែមេសាខាងមុខ។

ស្របគ្នានេះដែរ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងយុទ្ធនាការមួយនេះ​ តាមរយៈការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ពីរមុឺនប្រាំពាន់ដុល្លាអាមេរិក ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីរបៀបបត់ ការចូលរួមបត់ផ្ទាល់ពីបុគ្គលិកក្រុមហ៊ុន និងដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនៅគ្រប់បណ្តា Smart Shop នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។​

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនSmart Axiata ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកគាំទ្រយុទ្ធនាការដ៏ពិសេសមួយនេះផងដែរ៖​ «ក្រុមហ៊ុន SMART ពិតជាមានមោទនភាពជាខ្លាំងក្នុងការគាំទ្រយ៉ាង និងចូលរួមចំណែកជាម្ចាស់ឧបត្ថមក្នុងយុទ្ធនាការដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និង បត់បេះដូងចំនួន ១លានបេះដូងបំបែកកំណត់ត្រា Guiness ក្នុងការបត់បេះដូងក្រដាសច្រើនបំផុតក្នុងពិភពលោក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះលើកដំបូងលើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហើយនេះក៏ជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។»

លោកបានលើកទឹកចិត្តឲ្យអតិថិជន Smart ទាំងអស់ចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា៖ «ពួកយើងអាចចូលរួមបត់បេះដូងទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជារបស់កម្ពុជា ព្រោះបេះដូងនីមួយៗ ដែលបងប្អូនបានចូលរួមបត់ គឺមិនមែនត្រឹមតែជាបេះដូងក្រដាសធម្មតានោះទេ តែបេះដូងទាំងនោះនឹងក្លាយទៅជាកម្មវត្ថុក្នុងការបរិច្ចាគថវិកាពីក្រុមហ៊ុន។ យុទ្ធនាការ Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ កីឡាផ្សាភ្ជាប់សន្តិភាព និងការអភិវឌ្ឍ កីឡាផ្សាភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។»

អតិថិជនទាំងអស់ អាចធ្វើការស្វែងយល់ពីរបៀបបត់ ចូលរួមបត់ផ្ទាល់ និងដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនេះនៅគ្រប់ Smart Shop ទាំងអស់ដែលនៅជិតជាងគេ។​ ដោយឡែក ក្រុមហ៊ុន Smart Axiata ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ ។ ជាក់ស្តែង ក្រុមហ៊ុន Smart Axiata​ បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុង​ព្រឹត្តិការណ៍​​ជាតិ​នេះផងដែរ។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

អត្ថបទពេញនិយម