ABA ទទួលបានពាន ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2023 ពីទស្សនាវដ្ដី Global Finance
- 2023-04-03 09:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ABA ទទួលបានពាន ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2023 ពីទស្សនាវដ្ដី Global Finance
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាបុត្រសម្ពន្ធមួយ នៃធនាគារជាតិកាណាដា ទទួលបានពាន “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2023” ពីទស្សនាវដ្តី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ឲ្យធនាគារឆ្នើមលំដាប់ពិភពលោក ប្រចាំឆ្នាំ លើកទី 30 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា និងចំពោះការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ ABA ក្នុងការបំពេញតម្រូវការអតិថិជនរបស់ខ្លួន។
គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។ វឌ្ឍនភាពទាំងនេះ រួមមាន ការដាក់ដំណើរការម៉ាស៊ីនបើកកាតដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានជម្រើសភាសាជាច្រើននៅលើផ្ទៃអេក្រង់ ដែលអាចឲ្យអតិថិជនបើកកាតឥណពន្ធអន្ដរជាតិ និងកាត CSS ដោយប្រើពេលត្រឹមតែ 2 នាទី។ គិតតែក្នុងឆ្នាំ 2022 អតិថិជនបានបើកកាត តាមម៉ាស៊ីនបើកកាត ABA ចំនួន 220,000 កាត។
ក្រៅពីនេះ ធនាគារ ABA បានបញ្ចេញផលិតផល គណនី Junior – ជាគណនីអនីតិជនក្នុងទម្រង់ឌីជីថលដែលអនុញ្ញាតឲ្យកុមារ ឬក្មេងជំទង់ ដែលមានវ័យចាប់ពី 10 ឆ្នាំឡើងទៅ ប្រើប្រាស់សេវាធនាគារទំនើប និងឧបករណ៍ទូទាត់បែបឌីជីថលតាមកម្មវិធី ABA Mobile បាន។ ធនាគារក៏បានដាក់បញ្ចូលសេវាកម្ម និងមុខងារថ្មីៗជាច្រើនទៅក្នុងកម្មវិធី ABA Mobile ផងដែរ ដូចជា ទីមួយ មុខងារកម្ចីប្រាក់បៀវត្ស សម្រាប់បុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុន ដែលប្រើសេវាបើកប្រាក់ខែជាមួយ ABA អាចខ្ចីប្រាក់បានភ្លាមៗ ដោយមិនតម្រូវឲ្យមានទ្រព្យតម្កល់អ្វីទាំងអស់ និងទីពីរ ផ្លែតហ្វមទិញធានារ៉ាប់រងអាយុជីវិត ដែលអតិថិជនអាចទិញបានតាម ABA Mobile ក្រោមភាពជាដៃគូយុទ្ធសាស្ដ្រជាមួយក្រុមហ៊ុន Manulife។
បន្ថែមពីនេះ ធនាគារ ABA បានពង្រីកបណ្ដាញសាខា និងទីតាំងស្វ័យសេវារបស់ខ្លួននៅទូទាំងប្រទេស ដែលបច្ចុប្បន្ន មានសាខាសរុប ចំនួន 85 និងទីតាំងស្វ័យសេវា 24/7 ចំនួន 30។ ម៉ាស៊ីនស្វ័យសេវាសរុបនៅក្នុងប្រព័ន្ធអេកូរបស់ធនាគារ កើនដល់ 1,200 គ្រឿង។
នាឱកាសទទួលពានរង្វាន់នេះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov មានប្រសាសន៍ថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់ 9 ឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្ដី Global Finance ដែលនេះជាសក្ខីភាព នៃការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិករបស់យើង ក្នុងការបម្រើសេវាធនាគារដ៏ល្អបំផុត ជូនអតិថិជន។ យើងខ្ញុំ សូមចែករំលែកកិត្តិនាមនេះ ជូនដល់អតិថិជនទាំងអស់ ដែលជាចលករដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឲ្យធនាគារយើងបន្ដរីកចម្រើនឥតឈប់ឈរ ព្រមទាំងផ្ដល់ឱកាសឲ្យយើងខ្ញុំបម្រើសេវាអតិថិជនបានល្អបំផុត លើសពីការរំពឹងទុករបស់ពួកគាត់»។
លោកបានបន្ថែមថា៖ «នៅ ABA យើងខ្ញុំតែងតែប្ដេជ្ញានាំយកបច្ចេកវិទ្យា និងនវានុវត្តន៍សេវាធនាគារថ្មីៗ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបណ្តុះបណ្ដាលធនធាន និងពង្រីកបណ្ដាញរបស់យើង។ យើងខ្ញុំមានគោលបំណងផ្ដល់ជូនផលិតផល និងសេវាធនាគារដ៏ទំនើបសម្បូរបែប មានលក្ខណៈងាយស្រួល ប្រកបដោយនវានុវត្ត ដែលស្របទៅតាមតម្រូវការកំពុងតែកើនឡើងរបស់អតិថិជន នៅទូទាំងប្រទេស»។
យោងតាមទស្សនាវដ្ដី Global Finance ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន ទោះបីជាធនាគារទាំងនោះស្ថិតនៅក្នុងទីផ្សារ (ប្រទេស) ដែលមានស្ថានភាពសេដ្ចកិច្ចស្មុគស្មាញ តែពួកគេសម្រេចបានលទ្ធផលឈានមុខគេ ហើយថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។ ធនាគារ ដែលទទួលបានពានរង្វាន់នេះ បានគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ប្រកបដោយភាពឆ្លាតវៃ ដោយមើលឃើញ និងគិតគូពីស្ថានភាពនៃការផ្លាស់ប្តូរអត្រាការប្រាក់យ៉ាងឆាប់រហ័ស។
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម ក៏ដូចជាភាពឈានមុខគេ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលទំនើប និងងាយស្រួល ទៅតាមតម្រូវការរបស់អតិថិជន។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ធនាគារមានទ្រព្យសកម្មសរុបជាង 9 ពាន់លាន ដុល្លារអាមេរិក និងមានអតិថិជនជាង 2.5 លាន នាក់។
គិតតែក្នុងឆ្នាំ 2022 ធនាគារ ABA បានឈ្នះពានរង្វាន់អន្ដរជាតិ នៅក្នុងវិស័យហិរញ្ញវត្ថុជាច្រើន រួមមាន ពានរង្វាន់ ធនាគារដ៏ឆ្នើម នៅកម្ពុជាពីទស្សនាវដ្ដី The Banker, Euromoney, Asiamoney និង Global Finance។
អំពីទស្សនាវដ្ដី Global Finance
ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក។