ឆ្នាំ២០២៣​ នេះ តារាចម្រៀង ៩ដួង ចេញទៅបារាំងព្រមគ្នា មិនបាននៅសង្ក្រាន្ដឆ្នាំថ្មី នៅស្រុកកំណើតទេ

  • 2023-04-04 05:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣ នឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា នេះហើយ។ នៅគ្រាដែលតារាចម្រៀង សម្ដែង និងកំប្លែងជាច្រើនដួង កំពុងថតចម្រៀង ឬសម្ដែងឈុតកម្សាន្ដផ្សេងៗ ដើម្បីអបអរសាទរក្នុងឱកាសដ៏សប្បាយរីករាយនេះ មានតារាចម្រៀង ១០ដួង ជាប់កម្មវិធីច្រៀងនៅក្រៅប្រទេស ដោយតារាខ្លះកំពុងច្រៀង និងខ្លះទៀតកំពុងរៀបចំចេញដំណើរ។

ដំណើរទៅកាន់ប្រទេសបារាំង ដើម្បីសម្ដែង និងចម្រៀងក្នុងឆ្នាំ២០២៣ នេះ គេឃើញមានពីរក្រុម គឺក្រុមលោក សាយ សៀរ៉ា និងក្រុមលោក យឹង យន។ ពួកគេសុទ្ធតែមានគោលដៅទៅច្រៀង ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរ នៅទីនោះ ប៉ុន្ដែស្ថិតនៅទីតាំងខុសៗគ្នា ហើយកាលបរិច្ឆេទវិញ ក៏ខុសគ្នាដែរ ប៉ុន្ដែនៅក្នុងប្រទេសបារាំងតែមួយ។

សម្រាប់ក្រុមតារាចម្រៀង សាយ សៀរ៉ា បានចេញពីប្រទេសកម្ពុជាតាំងពីចុងខែមីនា ហើយបានច្រៀងនៅក្នុងភោជនីយដ្ឋានមួយ នៃប្រទេសបារាំង តាំងពីថ្ងៃទី១ ខែមេសា រហូតមកដល់ពេលនេះ។ តាមគម្រោងតារាសម្ដែង និងចម្រៀង សាយ សៀរ៉ា លោក ពូ សុខគា និងអ្នកនាង អោក សុម៉ាដាលីស ត្រូវចំណាយពេល ១ខែពេញនៅបរទេស ហើយនៅបីប្រទេសផ្សេងគ្នា គឺបារាំង ស្វីស និងអាលឺម៉ង់ ដោយផ្ដើមសម្ដែង និងបញ្ចប់នៅប្រទេសបារាំង។

ដោយឡែកក្រុមតារាចម្រៀងលោក យឹង យន វិញ នឹងត្រូវសម្ដែងរួមគ្នាជាមួយតារាចម្រៀងល្បីៗដូចជា៖ កញ្ញា នាង សុគន្ធា អ្នកនាង ជិន ចាន់ធឿន កញ្ញា ក្រិប លក្ខិណា និងលោក សាទីយ៉ា។ កម្មវិធី “រាត្រីកម្សាន្ដ” ដែលតារាទាំង ៥ដួង ត្រូវសម្ដែងនោះ គឺនៅក្នុងភោជនីយដ្ឋានមួយ នៃប្រទេសបារាំងដូចគ្នា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តារាចម្រៀងទាំង ៥ដួងនេះ មានគម្រោងចេញទៅប្រទេសណាផ្សេងទៀតក្រៅពីប្រទេសបារាំងដូចក្រុមតារាចម្រៀង សាយ សៀរ៉ា ឬអត់នោះទេ។ ប៉ុន្ដែនៅមុនពេលដែលទទួលបានដំណឹងថាមានក្រុមការងាររៀបចំឲ្យមានការសម្ដែងនៅក្រៅប្រទេស តារាចម្រៀងទាំងនោះភាគច្រើនសុទ្ធតែបញ្ចេញសារផ្ដាំផ្ញើ និងអញ្ជើញឲ្យបងប្អូនខ្មែររស់នៅប្រទេសបារាំងទាំងអស់ចូលរួមរាំលេងកម្សាន្ដសប្បាយទាំងអស់គ្នា។

ទន្ទឹមគ្នានេះពួកគេ ក៏បង្ហាញការអាឡោះអាល័យ នឹកស្ដាយដែលមិនបាននៅចម្រៀងរាំកម្សាន្ដជាមួយបងប្អូនខ្មែរនៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ៕

ជិន សុភ័ក្ដ្រ