អត់​មាន​គេ​អញ្ជើញ តែ យូរី ចូល​ខ្លួន​នាំ​សិស្ស​សប្បាយ​ដល់​ក​ក្នុង​ "សង្ក្រាន្តវិទ្យាល័យទួលអំពិល" ម្សិលមិញ

  • 2023-04-06 07:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ទួល​អំពិល​ដែល​មាន​ទីតាំង​នៅ​ខាង​ត្បូង​រាជធានី​ភ្នំពេញ តំបន់​ចំការដូង បាន​ធ្វើ​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ហៅ​ថា "សង្ក្រាន្ត​វិទ្យាល័យ​ទួល​អំពិល" ដោយ​មាន​បូក​បញ្ចូល​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​តារាចម្រៀង ហង្ស មាស យូរី ក៏​បាន​លេច​វត្តមាន​ដែរ​ឡើង​ច្រៀង​ដែរ បើ​ទោះ​នាង​មិន​មាន​ឈ្មោះ​អញ្ជើញ​ក្នុង​កម្មវិធី​ក៏​ដោយ។

រាប់ពីស្ដាំមកឆ្វេង រូបទី២ លោក អុឹង បូរិន នាយករង "វិទ្យាល័យទួលអំពិល)

កញ្ញា យូរី បាន​លេច​វត្តមាន​អំឡុង​រសៀល ខណៈ​សង្ក្រាន្ត​របស់​វិទ្យាល័យ​ទួល​អំពិលបាន​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ជាមួយ​កម្មវិធី​ជា​ច្រើន មាន​តាំង​ពី​ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ របាំជូនពរ របាំ​ត្រុដិ ការ​លេង​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​តន្ត្រី។ នៅ​ក្នុង​កម្មវិធី​នេះ ដើម​ឡើយ មាន​តារា​ចម្រៀង តារា​រ៉េប​មួយ​ចំនួន ប៉ុន្តែមិន​មាន​ឈ្មោះ​តារាចម្រៀង យូរី នោះ​ទេ។

ប៉ុន្តែ​រឿង​ភ្ញាក់​ផ្អើល​ខណៈ​កម្មវិធី​កំពុង​ដំណើរ​ការ ក្នុង​នោះ​ក៏​ព្រោះ​តែ​មាន​ដំណឹង​ថា កញ្ញា យូរី ក៏​នឹង​មក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​វិទ្យាល័យ​ទទួល​អំពិល​ដែរ។ ​គ្រូ​បង្រៀន​ម្នាក់ បាន​លើក​ឡើង​ថា ពេល​កម្មវិធី​កំពុង​តែ​ដំណើរ​ការ​ធម្មតា ស្រាប់​តែ​មាន​សមាជិក​នៃ​ក្រុម "យុវជន​សង្ក្រាន្ត និង​បរិស្ថាន" បាន​មក​ប្រាប់​ក្រុម​ការងារ​រៀប​ចំ​ព្រឹត្តិការណ៍​ថា កញ្ញា យូរី តារា​ហង្សមាស ក៏​មក​ចូល​រួម​ច្រៀង​កំដរ​ភាព​សប្បាយ​រីករាយ​ក្នុង​សង្ក្រាន្ត​វិទ្យាល័យ​ទួល​អំពិល​នេះ​ដែរ។

ដូច្នេះ​ហើយ សមាជិក​ក្រុម​យុវជន​សង្ក្រាន្ត និង​បរិស្ថាន​រូប​នោះ ស្នើ​ក្រុម​ការងារ ជួយ​រៀប​ចំ​កន្លែង​សម្រាប់​តារា​ស្រី​ផ្លាស់​សំលៀក​បំពាក់​ផង។ ដូច​ប្រាប់​ពី​ខាង​លើ គ្រូបង្រៀន​ដដែល បញ្ជាក់​ថា កញ្ញា យូរី មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​សិល្បករ​ត្រូវ​សម្ដែង​នោះ​ទេ ប៉ុន្តែ​នាង​មក​ចូល​រួម​ដោយ​ការ​ស្ម័គ្រ​ចិត្ត ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​របស់​តារាចម្រៀង​យុវវ័យ​រូប​នេះ។

កញ្ញា យូរី បាន​ចូល​រួម​ច្រៀង រាំ បទ​ចម្រៀង​ជិត ១០ បទ​ឯណោះ។ "យូរី ច្រៀង​ជិត ១០បទ​ឯណោះ គេ​ច្រៀង​បទ​ចាក់ទឹកដូង​អី​នោះ និយាយ​ពី​ថា កូន​សិស្ស​គេ​សប្បាយ​ដល់​ក​ហើយ ដល់​អីចឹង​ទៅ​យើង​ជា​គ្រូ ក៏​សប្បាយ​ចិត្ត​ដែរ"។

គេ​មិន​ទាន់​ដឹង​ថា អ្វី​ជា​ការ​ជំរុញ​ចិត្ត តារា​ចម្រៀង​ស្រី​រូប​នេះ ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​មក​ញុំាង​កម្មវិធី​ឲ្យ​កាន់​តែ​ក្លៀវក្លា​បែប​នេះ​នោះ​ទេ។ ប៉ុន្តែ​គេ​កាត់​ស្មាន​ថា ទំនង​យោង​លើ​ហេតុផល​ថា នាង​ក៏​ជា​មនុស្ស​រស់​ក្នុង​តំបន់​នេះ​ដែរ ខណៈ​នាង​បាន​បើក​ហាង​សាឡន​មួយ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​១ កាល​ពី​ឆ្នាំ​មុន​ដោយ​ដាក់​ឈ្មោះ​ថា "APlus Beauty” មាន​ទីតាំង​លើ​ផ្លូវ ៦អា ក្នុង​បុរី៕

អត្ថបទ៖ ទារិកា