មួយ​រយៈ​ចុងក្រោយ​នេះ ព្រំ សំណាង ប្រកួត​បាន​លុយ​ច្រើន​ណាស់ ដឹង​ទេ​ថា​គេ​យក​ធ្វើ​អ្វីខ្លះ?

  • 2023-04-19 03:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពី​កីឡាករ​គុនខ្មែរ​ដ៏​អត្តខាត់​ម្នាក់​កាល​ពី​ប្រមាណ ២​ឆ្នាំ​មុន​ដែល​ស្ទើរ​តែ​បោះបង់​អាជីព​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​នេះ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​១៨០ដឺក្រេ ដោយ ព្រំ សំណាង អាច​រក​ប្រាក់​បាន​ជា​ច្រើន​ពី​ការ​ប្រកួតទាំង​ក្នុង និង​ក្រៅ​ប្រទេស។ តើ​ដឹង​ទេ​ថា សំណាង ចាត់​ចែង​ប្រាក់​ឈ្នួល​កម្លាំង​ញើស​ឈាម​នោះ​លើ​កិច្ចការ​អ្វី​ខ្លះ?

ព្រំ សំណាង បាន​ទាញ​យក​ប្រជាប្រិយភាព ក៏​ដូច​ជា​បេះដូង​អ្នក​ស្រឡាញ់​គុនខ្មែរ​ពេញ​១​ប្រទេស ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ប្រកួត​ឈ្នះ​ដៃគូ​ខ្លាំង​ជា​ច្រើន​នាក់ ពិសេស​គឺ​ការ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​លើ​សង្វៀន Thai Fight យ៉ាង​កម្រ​សម្រាប់​កីឡាករ​គុន​ខ្មែរ​ទៅ​ពី​កម្ពុជា និង​បន្ត​ឈ្នះ​នៅ​ក្នុង​ស្រុក​ជាមួយ​កីឡាករ​អន្តរជាតិ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត។

កត្តា​រីកចម្រើន​ខាង​ផ្នែក​សមត្ថភាព​នេះ ព្រំ សំណាង ប្រាប់​ថា កើត​ពី​ការ​ឈឺ​ចាប់​​ចំពោះ​ការ​បរាជ័យក្នុង​អតីតកាល។ ដូច្នេះ​ហើយ ទើប​លោក​ដាក់​កំណត់​ខ្លួន​ឯង ប្រឹង​ប្រែង​ហ្វឹកហាត់​ជា​ប្រចាំ ព្រម​ជាមួយ​ការ​គាំទ្រ​យ៉ាង​ពោរពាស​របស់​អ្នក​ស្រឡាញ់​គុន​ខ្មែរ​ទាំង​អស់។ ទាំង​នេះ​ជា​មូលហេតុ​ដែល​នាំ​លោក​មក​ដល់​ចំណុច​នេះ។

បន្ទាប់​ពី​ការ​ប្រឹង​ប្រែង អ្វី​ៗ​ក៏​ល្អ​ទាំង​ព្រម ព្រំ សំណាង ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ។ជាមួយ​គ្នា លោក​ក៏​បាន​ទទួល​បាន​ការ​ស្រឡាញ់ និង​ឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម ឧកញ៉ា រួម​ទាំង​សប្បុរសជន​ជា​ច្រើន​ទៀត។ សំណាង សុំ​មិន​ទម្លាយ​ពី​ទំហំ​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត និង​ការ​ឧបត្ថម្ភ តែ​ទទួល​ថា ច្រើន​គួរ​សម។

ដោយ​ឡែក​ចំពោះ​ការ​ចាត់ចែង​ប្រាក់​ទាំង​នោះ កីឡាករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ថា មួយ​ចំណែកធំ គឺ​យក​ទៅ​សង​គេ ហើយ​ចំណែក​ខ្លះ​ទៀត ​លោក​យក​ទៅ​ទិញ​គោ​ខ្លះ​ទុក​ចិញ្ចឹម។ ព្រំ សំណាង ជាប់​បំណុល​ជា​ច្រើន ពី​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​សង់​ផ្ទះ​នៅ​ស្រុក​កំណើត ដែល​លោក​លើក​ឡើង​ថា ធ្វើ​ឲ្យ​បាន​សមរម្យ កុំ​អោយ​មាន​តែ​ឈ្មោះ​ល្បី ប៉ុន្តែ​មិន​មានផ្ទះ​សមរម្យ​ឲ្យ​គ្រួសារ​រស់​នៅ​នឹង​គេ។

ដូច្នេះ​ក្រោយ​ពី​រក​បាន​ពី​ការ​ប្រកួត និង​ការ​ឧបត្ថម្ភ​នានា គឺ​លោក​យក​ទៅ​ដោះបំណុល​ផ្ទះ​នោះ។ ព្រំ សំណាង ប្រាប់​ថា គិត​ត្រឹម​ពេល​នេះ បំណុល​មិន​ទាន់​ដោះ​ឲ្យ​អស់​នោះ​ទេ ប៉ុន្តែ​វា​បាន​សម្រាល​បន្ទុក​​ច្រើន​ហើយ ហើយ​បាន និង​កំពុង​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ដោះ​បន្ទុក​មួយ​នេះ​របស់​គ្រួសារ៕

អត្ថបទ៖ ទារិកា