ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សណ្ឋាគារ សាន់ & មូន រីវើសាយ ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍កម្ពុជា យ៉ាងជាក់ច្បាស់

  • 2023-04-22 14:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)” នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ថា សណ្ឋាគារ សាន់ & មូន រីវើសាយ ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «សូមចូលរួមអបអរសាទរជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ” (Sun & Moon Riverside) ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។»

ឯកឧត្តមបានលើកឡើងថា ការបើកដំណើរការសណ្ឋាគារដ៏ទំនើបជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់។

បើតាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេស ដោយសារការរឹតត្បិតចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវវិធានការឆ្លើយតបជាច្រើន, វិស័យទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរការបើកឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណជិត ២ ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុកក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។

ឯកឧត្តម បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជារួម នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។ ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះ ជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន។»

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា «សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធិផលដែលកើតចេញពីការវិនិយោគក្នុងស្រុកដោយផ្ទាល់ និងជាចំណែកមួយដែលជាសមិទ្ធិផលពិតៗរបស់ក្មេង ៧មករា ដែលសម្តេចបានរំដោះកាលពីជាង ៤៤ឆ្នាំមុន។ ដូច្នេះហើយ ដើម្បីជាការតបស្នងសងគុណក្នុងការរំដោះឲ្យរួចផុតជីវិត ខ្ញុំបាទក្នុងនាមក្រុមហ៊ុន គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងក្រុមគ្រួសារ សូមគោរពដឹងគុណ និងគាំទ្រសម្តេចជានិច្ចនិរន្តរ៍»៕