ត្រៀមខ្លួន​ថ្ងៃសុក្រ​នេះ #BeyondTheGames' Day នាំយក​បេះដូង​ឯតទគ្គកម្ម សិល្បករ​អាស៊ាន និង​ការប្រគំតន្ត្រី​ មក​កាន់​វិមានឈ្នះឈ្នះ

  • 2023-04-26 09:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបំណង​បង្កើត​ជាការ​ជួបជុំ​រវាង​មហាជន ជាមួយដៃគូសហការ និង​ដៃគូគាំទ្រ​នានា យុទ្ធនាការ #BeyondTheGames នៃ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) នឹង​រៀបចំ​កម្មវិធី #BeyondTheGames’ Day នៅ​វិមាន​ឈ្នះឈ្នះ នៅថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ស្វាគមន៍​សាធារណជន​ចូលរួម​ជាមួយ​យុទ្ធនាការ​នេះ​ដើម្បីសាទរ​ភាព​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើកទី ៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី ១២។

លោក សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ #BeyondTheGames បានមានប្រសាសន៍​ថា៖ «នៅថ្ងៃទី ២៨​ ខាង​មុខ​នេះ នៅវិមានឈ្នះៗ យើងនឹងមានកម្មវិធី BeyondTheGames’ Day។ ក្នុង​នោះច្បាស់​ណាស់​យើ​ងមានកម្មវិធីខនសឺត​ដ៏ធំមួយ​ និង​តារាល្បីៗ​ជាច្រើនរូបមែនទែនចូលរួម»។

លោក​បាន​បញ្ជាក់ថា៖ «កម្មវិធីនេះ​លើសពីខនសឺត គឺយើងមានអ្វី​ប្លែកៗ​ជាច្រើនទៀត។ យើង​បានអញ្ជើញសិល្បករ​អ្នក​គំនូរ​មកពីអាស៊ាន មក​កាន់ស្រុកខ្មែរ។​ អ៊ីចឹង​គាត់នឹង​មានគំនូរ​គូរជុំគ្នា​ប្រវែង ២១ ម៉ែត្រ ដើម្បីបង្ហាញសាមគ្គីភាព បេះដូង​លោត​ក្នុង​ចង្វាក់តែមួយ​របស់អាស៊ានទាំងមូល នៅ​ទីតាំង​តែម្ដង»។

វត្តមាន​​ពី​សាធារណជនគឺ​ជា​ការ​ចូលរួម​បង្ហាញ​ភាសា​បេះដូង​របស់​យើង​សម្រាប់​កម្ពុជា តាម​រយៈ​ការ​ស្រឡាញ់ ការ​គាំទ្រអត្ត​ពលិក​ខ្មែរ​គ្រប់ៗ​រូប ប្រកបដោយមោទកភាព​លើសពី​ការប្រកួត។

ជាងនេះទៅទៀត កម្មវិធីនេះ​ជា​ឱកាស​មួយ​សម្រាប់បង្ហាញ​ភាពជាខ្មែរ ជា​ព្រះរាជាណាចក្រនៃវប្បធម៌ អរិយធម៌ ប្រពៃណីរុងរឿង សន្តិភាព ភាពរីកចម្រើន និង​ភាពចម្រុះ​នៃ​សក្ដានុពល​ផ្សេងៗ​របស់កម្ពុជា ក៏ដូចជាបង្កើនស្មារតី​លើសពីការប្រកួត​តាមរយៈការ​បង្ហាញ​ថាមពល និង​វិបុលភាព​របស់​ប្រជាជា​កម្ពុជា ភាព​សម្បូរបែប​ ភាពសុខដុម​នៃ​សង្គម​កម្ពុជា​ក្នុងពេលបច្ចុប្បន្ន​ឆ្ពោះ​ទៅ​អនាគត​ដ៏​កាន់តែ​រឹងមាំ​ជាមួយ​គ្នា លើសពីការប្រគំតន្ត្រី។

សកម្មភាពកម្សាន្ត​រួមមាន ការប្រគំតន្រ្តីពីសំណាក់តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប ស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការ​តាំងបង្ហាញគំនូរអាស៊ាន និង​ការតាំងបង្ហាញស្នាដៃគំនូរកុមារ។

លោក សុខ សប្បាយណា បានរៀបរាប់ថា៖ «​យើង​ក៏​យកបេះ​ដូង អ្វី​ដែល​បានដាក់តាំងបង្ហាញ​នៅសៀមរាប ក្នុងបរិវេណ​ប្រាសាទ​អង្គរ​វត្ត យក​មក​​តុបតែងបង្ហាញ​នៅ​វិមានឈ្នះឈ្នះ​។ យើង​ក៏​អ្វី​ដែល​ជាការប្រកួតប្រជែង​គំនូរកុមារ​ទូទាំងប្រទេស​ថ្នាក់​បឋម​សិក្សា​ហ្នឹង យក​មកតាំងបង្ហាញ​ស្នាដៃ​ឆ្នើម​ចំនួន​១២០​ក្នុងហ្នឹង​ដែរ។ ​យើង​ក៏បានអញ្ជើញ​សិល្បករ​ ១១ សាសន៍ ប្រទេស​មាន​អ្នកចម្រៀង​មួយ​ អ៊ីចឹង ១១ បូក​នឹង​ទីម័រ មក​ច្រៀង​ជុំ​គ្នា​ក្នុង​បទ​ដែលយើងតែងថ្មី​ ដើម្បី​បង្ហាញ​ពីស្មារតី​គាំទ្រ​ដល់​ស៊ីហ្គេម និង​បេះដូង​លោត​ក្នុង​ចង្វាក់តែ​មួយ ក្នុង​ភាព​មោទកៈ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដោយ​មាន​អ្នក​ចម្រៀង​ ១១ ជាតិ​សាសន៍​​មក​ច្រៀង​បទហ្នឹង​ »។

#BeyondTheGames’ Day ក៏​មានការ​ពិព័រណ៍​របស់ដៃគូ​ និង​ពី​​អាជីវករ​មូលដ្ឋាន​ជាមួយការ​​ផ្ដល់ទីតាំង​ដោយឥតគិតថ្លៃ ដើម្បី​ឱ្យពួក​​គាត់​មក​លក់​ជូន​អ្នក​ចូលរួមកម្មវិធី​កម្សាន្ត ​​និង​សកម្មភាពលេងល្បែង​ BeyondTheGames ផងដែរ។

រឹតតែពិសេស​ទៅទៀតនោះ លោក សុខ សប្បាយណា  បាន​មានប្រសាសន៍ទៀត​ថា៖ «ក្នុង​នោះ​តាម​ផែនការ​គឺភ្លើងគប់​នឹង​មក​ដល់ភ្នំពេញ។ ភ្លើង​គប់ហ្នឹង​បានទៅ​ជុំវិញម៉ាអាស៊ានហើយ​ ហើយ​ថ្ងៃទី ២៨​ ល្ងាច​ហ្នឹង​គាត់​នឹង​មក​ដល់​ភ្នំពេញ​តែម្ដង​។ យើង​មានការ​មក​ដល់​នៃភ្លើងគប់​ មក​ដល់​ទីតាំង​របស់យើង​ផង​ដែរ។ យើងមាន​ការ​ដង្ហែរ​ភ្លើង​គប់»។

អ៊ីចឹង​ថ្ងៃ​២៨​ នេះ​កម្មវិធី​យើង​នៅ​វិមានឈ្នះឈ្នះ ពីម៉ោង៤​រសៀលទៅ​ ប៉ុន្តែ​ការ​តាំងបង្ហាញគំនូរ ឬ​អ្វី​ហ្នឹង យើង​នឹង​តាំង​ពី​ព្រឹកទៅ។ អ៊ីចឹង​សូមអញ្ជើញ​ទាំងអស់គ្នា​ចូលរួមដោយសេរី ដើម្បីបង្ហាញភាសា​បេះដូង​​កម្ពុជា​យើង​តាម​រយៈ​ព្រឹត្តិការណ៍ស៊ីហ្គេម​នៅពេល​នេះ​ផងដែរ។ សូមអរគុណ!។

ចង់ដឹងអត់ថានៅក្នុងកម្មវិធី #BeyondTheGames' Day នឹងមានកម្មវិធីអ្វីខ្លះ? តោះ! មកមើលទាំងអស់គ្នានៅវិមានឈ្នះឈ្នះ។

អត្ថបទពេញនិយម