អស្ចារ្យណាស់! Voltra មធ្យោបាយធ្វើដំណើរគិតគូរបរិស្ថាន គាំទ្រការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងនៅកម្ពុជា

  • 2023-05-05 01:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអគ្គិសនី Voltra ដែលតម្លើងនៅកម្ពុជាចំនួន ៤០គ្រឿង ត្រូវបានផ្ដល់ឱ្យក្រុមការងាររៀបចំការប្រកួតកីឡាស៊ីហ្គេមនៅសៀមរាប និងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះដំណើរការដោយគិតគូរពីនិរន្តរភាព ខណៈប្រទេសកម្ពុជាគឺជាប្រទេសហត្ថលេខីនៃអង្គការសហប្រជាជាតិ កីឡាសម្រាប់សកម្មភាពការប្រែប្រួលអាកាសធាតុ។

លោក Pañathun Jayson Thong អនុប្រធាននាយកដ្ឋានកិច្ចការទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ កីឡាសម្រាប់សកម្មភាពការប្រែប្រួលអាកាសធាតុបាននិយាយថា៖ «ជាការផ្ដួចផ្ដើម ដើម្បីគិតគូរដល់បញ្ហាអាកាសធាតុ យើងចង់ធ្វើលើសពីការដាំដើមឈើ និងរើសសំរាម យើងចង់ធ្វើអ្វីដែលថ្មី ប្លែក និងមានភាពច្នៃប្រឌិត»។

លោកបានបន្តថា៖ «ដូច្នេះហើយបានជាយើងសម្រេចថានឹងធ្វើជាដៃគូជាមួយ Voltra ដែលជាក្រុមហ៊ុនធ្វើការរចនា និងតម្លើងម៉ូតូអគ្គិសនីដំបូងនៅកម្ពុជា។ វាសំខាន់ណាស់សម្រាប់យើង មិនត្រឹមតែត្រូវសម្រេចបានគោលដៅនិរន្តរភាពនៅព្រឹត្តិការណ៍ធំៗដូចជាស៊ីហ្គេមនោះទេ ថែមទាំងធ្វើការសហការជាមួយក្រុមហ៊ុនកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជា»។

ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Voltra លោក Yann Vaudin បានទៅជួបក្រុមការងារគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ ( CAMSOC) នៅចុងខែមករា ដើម្បីសិក្សាពីលទ្ធភាព Voltra អាចជួយកាត់បន្ថយឧស្ម័នកាបោន។ បន្ទាប់មកនៅក្នុងខែមីនា លោកក៏បានស្វែងយល់ពីគំនិតផ្តួចផ្តើមកីឡាសម្រាប់ សកម្មភាពអាកាសធាតុ តាមរយៈលោក Pañathun ដែលជាអ្នកសម្របសម្រួល។

លោក Yann បានលើកឡើងថា៖ «ពួកយើងបានខិតខំប្រឹងប្រែងក្នុងភាពដៃគូរបស់យើង ដើម្បីគាំទ្រដល់ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដោយផ្តល់នូវម៉ូតូអគ្គិសនីសម្រាប់ការធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ។ និងក្រុមការងារទាំងមូលមានមោទនភាពណាស់ដែលបានចូលរួមក្នុងការផ្លាស់ប្តូរផ្នត់គំនិតប្រជាជន ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង»។

ដើម្បីផលិតម៉ូតូអគ្គិសនី MATRIX ទាំងអស់ឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម Voltra បានជ្រើសរើសអ្នកស្ម័គ្រចិត្តបន្ថែមទាំងផ្នែកទីផ្សារ ផ្នែកទំនាក់ទំនង និងការដឹកជញ្ជូនម៉ូតូ ២០គ្រឿងទៅខេត្តសៀមរាប និង ២៥គ្រឿងទៅពហុកីឡដ្ឋានមរតកតេជោ។

លោក Pañathun បានរៀបរាប់ថា៖ «នៅសៀមរាបយើងមានម៉ារ៉ាតុង ដែលមន្ត្រីបច្ចេកទេសយើងអាចជិះម៉ូតូតាមអត្តពលិកម៉ារ៉ាតុង និងអ្នកជិះកង់។ ដោយនៅភ្នំពេញ យើងមានទីតាំងធំៗចំនួនបីគឺនៅកីឡដ្ឋានអូឡាំពិក OCIC និងមរតកតេជោ ក្រុមការងាររបស់យើងត្រូវការមធ្យោបាយធ្វើដំណើរចុះឡើងទីតាំងទាំងនេះជាប្រចាំ»។

ក្នុងចំណោមអ្នកប្រើប្រាស់សាកល្បង​ម្នាក់ កញ្ញា ស៊ុន ចាន់ម៉ូនីតា សមាជិកលេខាធិការដ្ឋាន Camsoc បាន​លើកឡើងថា៖ «ម៉ូតូជិះស្ទុះ ជិះបានលឿន មានលំនឹងល្អ។ ម៉ូតូយើងរាល់ថ្ងៃ យើងចំណាយថវិកាច្រើន ព្រោះយើងត្រូវចាក់សាំង ហើយវាមានសម្លេងរំខាន អត់មានផ្សែង ម៉ូតូនេះយើងនេះសាកតែអាគុយយើងជិះបានលឿនលឿនដូចម៉ូតូយើងដែរ។ ពួកខ្ញុំធ្វើការអ៊ីចឹងខ្ញុំត្រូវជិះចុះជិះឡើងច្រើន ប្រសិនបើមានវាមួយវាស្រួលក្នុងការធ្វើដំណើរ»។

រីឯកញ្ញា ឱ សុគន្ធា សមាជិកលេខាធិការដ្ឋាន Camsoc បាន​និយាយ​ថា៖ «ប្លែកជាងម៉ូតូធម្មតា ងាយស្រួលជិះ វាស្ងាត់អត់មានសម្លេងរំខាន ជិះបានលឿនដូចម៉ូតូយើង»។

Voltra នឹងធ្វើការណែនាំពីសុវត្ថិភាពដល់បុគ្គលិកបម្រើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាអ្នកប្រើប្រាស់ម៉ូតូអគ្គិសនីទាំងនេះ ហើយម៉ូតូមួយ ត្រូវបានផ្ដល់ឱ្យតែមនុស្សម្នាក់ប្រើប្រាស់ ដែលមានឈ្មោះ និងលេខទំនាក់ទំនង ដើម្បីរក្សាទំនួសខុសត្រូវលើម៉ូតូអគ្គិសនីគ្រឿងនីមួយៗ។

លោក Pañathun ទទួលស្គាល់ថា ចំនួនម៉ូតូនេះសម្រាប់អ្នកខ្លះអាចគិតថាវាប្រៀបបីដូចជាទឹកមួយតំណក់ក្នុងមហាសមុទ្រ ខណៈនៅមានម៉ូតូ និងឡានរាប់ម៉ឺនគ្រឿងចរាចរណ៍លើផ្លូវ។

លោកអះអាងថា៖ «ប៉ុន្តែយ៉ាងហោចណាស់ យើងបានធ្វើអ្វីមួយដើម្បីផ្សព្វផ្សាយពីមធ្យោបាយធ្វើដំណើរអគ្គិសនីដែលវាមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ហើយវាគួរតែជាអ្វីសម្រាប់អនាគតរបស់យើង។ ដោយសារតែប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាយើង មនុស្សជាច្រើនមិនរំពឹងថាយើងនឹងធ្វើកិច្ចការគិតគូរបរិស្ថានទាំងអស់នេះទេ»។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលមានព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ការចាប់ផ្ដើមណែនាំមធ្យោបាយធ្វើដំណើរគិតគូរបរិស្ថាននេះ នឹងជំរុញឱ្យព្រឹត្តិការណ៍ស៊ីហ្គេមក្នុងតំបន់លើកក្រោយៗបន្តរៀបចំជាមួយគោលការណ៍បៃតងថែមទៀត។

លោកបានបន្តថា៖ «នេះគឺជាស៊ីហ្គេមលើកដំបូងហើយដែលប្រើប្រាស់ម៉ូតូអគ្គិសនី ដោយយើងផ្ដល់ជូនមន្ត្រីបម្រើការផ្នែកកីឡា និងគណៈកម្មាធិការរៀបចំស៊ីហ្គេម។ យើងក៏ជាព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងដែលមិនបានបោះពុម្ពនូវសៀវភៅបច្ចេកទេសដែលនិយាយពីកីឡាជិត៤០ប្រភេទ ដែលមានចំនួន ២០-៣០ ទំព័រ។ ដូច្នេះយើងបានកាត់បន្ថយចំនួនបោះពុម្ពក្រដាសច្រើននៅឆ្នាំនេះ។ ដូច្នេះយើងសង្ឃឹមថា ស៊ីហ្គេមលើកក្រោយនៅប្រទេសថៃ ២០២៥ ពួកគេនឹងអាចធ្វើបណ្ណសម្គាល់ជាលក្ខណៈឌីជីថល និងអាចធ្វើអ្វីផ្សេងទៀតដែលមិនទាមទារការប្រើប្រាស់ក្រដាស»។

ការប្រើប្រាស់យានជំនិះអគ្គិសនីមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សគ្រប់គ្នា។ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Voltra លោក Yann Vaudin បានឱ្យដឹងថា ១,៨ លានគ្រឿងកំពុងចរាចរក្នុងទីក្រុងភ្នំពេញ។ ការផ្លាស់ប្តូរមកប្រើម៉ូតូអគ្គិសនីត្រឹមតែ ១០ម៉ឺនគ្រឿងប៉ុណ្ណោះ នឹងអាចកាត់បន្ថយឧស្ម័នកាបោនចំនួន ១៥ម៉ឺន តោនក្នុងមួយឆ្នាំនៅក្នុងទីក្រុងភ្នំពេញ ដែលស្មើនឹងការដាំដើមឈើជាង ៧០ម៉ឺនដើមក្នុងមួយឆ្នាំ។

លោក Yann បានលើកឡើងទៀតថា៖ «ខ្យល់អាកាសរបស់យើងនឹងកាន់តែស្អាត ហើយសុខភាពរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរ»។

លោកបាននិយាយថា៖ «ក្រុមរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះបញ្ហាប្រឈមនេះ ដោយមិនគិតពីពេលវេលារបស់ពួកគេដើម្បីសម្រេចបាននូវគោលដៅដើម្បីធ្វើឱ្យស៊ីហ្គេមកាន់តែបៃតង»។

ស្ថាបនិក Voltra បានលើកឡើងទៀតថា បើគិតពីសេដ្ឋកិច្ចយូរអង្វែងវិញ ការប្រើប្រាស់ម៉ូតូអគ្គិសនីមានតម្លៃថោកជាងម៉ូតូសាំង ១០ ដង ដូច្នេះវានឹងបង្កើនលទ្ធភាពទិញរបស់អ្នកប្រើប្រាស់។ ដោយប្រើម៉ូតូអគ្គិសនី ផលចំណេញជាមធ្យមនៃការវិនិយោគគឺត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ក្រោយមក វាក៏នឹងបង្កើតការងាររាប់ម៉ឺនកន្លែង សូម្បីតែជាងជួសជុលផ្លូវតូចក៏នឹងទទួលបានអត្ថប្រយោជន៍ដែរ ព្រោះពួកគេនឹងត្រូវរៀនពីរបៀបជួសជុល ដើម្បីសម្របទៅនឹងទីផ្សារ។

ទន្ទឹមនឹងនោះ Voltra ក៏នឹងស្តង់ចំនួន ៣ដើម្បីជូនដំណឹងដល់ភ្ញៀវទាំងអស់ អំពីផលប៉ះពាល់នៃយានយន្តដែលប្រើសាំង។ ក្រុមហ៊ុនក៏នឹងសម្ភាសអ្នកបើកបរទាំងអស់នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ហើយសិក្សាអំពីម៉ូតូអគ្គិសនី MATRIX ថាតើវាបានកាត់បន្ថយឧស្ម័នប៉ុន្មានតោនដើម្បីផ្តល់ជូន CAMSOC នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ផងដែរ។

លោក Yann ក៏ប្រកាសផងដែរថា៖ «រាល់ម៉ូតូអគ្គិសនីដែលប្រើប្រាស់ដោយ CAMSOC នឹងត្រូវដាក់លក់នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ជាមួយការចុះឈ្មោះជាវចាប់ពីថ្ងៃនេះតទៅ»។

ព័ត៌មានបន្ថែមពីម៉ូតូអគ្គិសនីគិតគូរបរិស្ថាននេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://web.facebook.com/voltramotors

អត្ថបទថ្មី