ក្បាច់​គុន​បុរាណ​ខ្មែរ ​បង្ហាញ​ឱ្យ​មិត្ត​អាស៊ាន​ស្គាល់​ច្បាស់​នៅ​ស៊ីហ្គេម​២០២៣ ​

  • 2023-05-18 03:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ចំណាយ​ពេល​ជាង​១០​ថ្ងៃ​ប្រកួត​លើ​៥៨០​វិញ្ញាសារ​ក្នុង​៣៦​ប្រភេទ​កីឡា។

​ក្នុង​នោះ​កម្ពុជា​បាន​ជោគជ័យ​ខ្លាំង​មែនទែន ​បង្កើត​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ដោយ​រក​បាន​រហូត​ដល់​៨១​មេដាយ​មាស ​៧៤​មេដាយ​ប្រាក់ ​និង​១២៧​មេដាយ​សំរឹទ្ធ ​សរុប​ជា​រួម​បាន​២៨២​មេដាយ។ ​ស្ទើរ​តែ​គ្រប់​ប្រភេទ​កីឡា​ទៅ​ហើយ​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​មាស ​ដែល​វា​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​កម្ពុជា​បាន​អភិវឌ្ឍ​វិស័យ​យ៉ាង​លឿន​តាម​យុទ្ធសាស្ត្រ​ឈ្នះ​ៗ ​និង​ពាក្យ​ស្លោក​កីឡា​រស់​ក្នុង​សន្ដិភាព។ ដោយ​សូម្បី​ប្រភេទ​កីឡា​ទី​១ ឬ​កីឡា​អូឡាំពិក​ដូចជា​ហែលទឹក រត់​ប្រណាំង ​បាល់​បោះ​អីជា​ដើម ដែល​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​មេដាយ​សោះ​នោះ ក៏​លើក​នេះ​ទទួល​បាន​លទ្ធផល​ល្អ ​បាន​មេដាយ​មាស​ជូន​ជាតិ​ផង​ដែរ។

​អ្វី​ដែល​កាន់​តែ​អស្ចារ្យ ​និង​បងប្អូន​ប្រជាពល​រដ្ឋ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ផង​នោះ គឺ​ក្បាច់​គុន​បុរាណ​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ដែល​ទទួល​បាន​ជោគជ័យ​លើសលប់​។ ​អ្នក​ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ ឬ​ហៅ​ថា​គុន​ខ្មែរ ​បាន​បែងចែក​គ្នា​ចូល​រួម​ប្រកួត​ទៅ​តាម​ប្រភេទ​កីឡា​ផ្សេង​ៗ​ដូចជា គុន​ខ្មែរ វ៉ូវីណាម ឃីកបុកសឹង​ជា​ដើម។ ​ជា​លទ្ធផល​ឃើញ​ថា​ប្រភេទ​កីឡា​ទាំង​៣​នេះ​ហើយ ដែល​សុទ្ធ​សឹង​ជួយ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត​នៅ​ស៊ីហ្គេម​២០២៣​នេះ។

​កីឡា​គុន​ខ្មែរ កម្ពុជា​រក​បាន​ដល់​១៩​មេដាយ ក្នុង​នោះ​មាន​មាស ១៤​គ្រឿង ប្រាក់​៣​គ្រឿង ​និង​សំរឹទ្ធ​២​គ្រឿង។ ​កីឡា​វ៉ូវីណាម កម្ពុជា​រក​បាន​២៧​មេដាយ ​មាស​១០​គ្រឿង ប្រាក់​៨​គ្រឿង សំរឹទ្ធ​៩​គ្រឿង។ កីឡា​ឃីក​បុក​សឹង ​កម្ពុជា​រក​បាន​១៣​មេដាយ ​មាន​មាស​៦​គ្រឿង ប្រាក់​១​គ្រឿង ​និង​សំរឹទ្ធ​៦​គ្រឿង។ ​យោង​តាម​លទ្ធផល​នេះ​បាន​បង្ហាញ​ឱ្យ​ប្រជាជាតិ​អាស៊ាន ​បាន​ឃើញ​ច្បាស់​ថា​កម្ពុជា​រីក​ចម្រើន ​និង​មាន​ក្បាច់​គុន​ខ្មែរ​ពិត​ប្រាកដ ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​បាន​ស្ទើរ​តែ​គ្រប់​កីឡា​ប្រយុទ្ធ​ទាំង​អស់៕

អត្ថបទ៖ ប្រុស យុទ្ធ