ហង្ស សុរិយាន់ ព្រលយពាក្យថ្មី ក្រោយមហាហង្ស ទាមទារមកុដ និងឈៀងពីអតីតបវរកញ្ញា ៣រូប

  • 2023-05-19 03:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល និងជាអតីតម្ចាស់មកុដ នៃកម្មវិធីMiss Grand Cambodia 2022 ហង្ស សុរិយាន់ បានព្រលយពាក្យដោយមិនចំពោះបុគ្គល ឬក្រុមហ៊ុនណាមួយ ក្រោយពីក្រុមហ៊ុនមហាហង្សរបស់លោក អ៊ិន សុភិន ប្រកាសឲ្យបវរកញ្ញា ៣រូប ប្រគល់ឈៀង ពាន និងមកុដឲ្យក្រុមហ៊ុនវិញកាលពីម្សិលមិញ ដោយក្នុងនោះក៏មានរូបកញ្ញាម្នាក់ដែរ។

ចេញប្រកាសមិនបានប៉ុន្មានម៉ោងផង គេក៏ឃើញតារាម៉ូដែលរូបស្រស់ កម្ពស់បាន ហង្ស សុរិយាន់ ប្រើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា ភាពស្ងប់ស្ងាត់មិនតបត គឺរក្សាក្តីស្រឡាញ់ ការគាំទ្រ ភាពថ្លៃថ្នូរ និងកិត្តិយសរបស់ខ្ញុំ គ្រួសារ និងសង្គមជាតិ។

ទន្ទឹមគ្នានោះ សុរិយាន់ ក៏បានសន្យារថានឹងLive និយាយរឿងមួយឲ្យផ្អើលណាណីម្ដង ប៉ុន្ដែគិតមកដល់ពេលនេះកញ្ញា មិនទាន់ចេញមុខLive ឬនិយាយអ្វីទាក់ទងនឹងរឿងមកុដ ពាន និងឈៀងនេះនៅឡើយទេ ខណៈដែលអ្នកគាំទ្រខ្លះថា ពួកគេខំតែរង់ចាំស្ដាប់ ព្រោះនឹកគិតថាមានរឿងពិសេសត្រូវបញ្ចេញទាក់ទងនឹងមកុដ ឬឈៀងជាមួយក្រុមហ៊ុន មហាហង្ស។

Sabay បានព្យាយាមទាក់ទងកញ្ញា ហង្ស សុរិយាន់ និងតារាម៉ូដែលពីររូបផ្សេងទៀត ដើម្បីបកស្រាយបន្ថែមជុំវិញរឿងនេះ ប៉ុន្ដែមិនទាន់មានការឆ្លើយតប ខណៈដែល ហង្ស សុរិយាន់ ហៅទូរស័ព្ទទៅហើយមិននិយាយបកស្រាយអ្វី ក្រៅពីឲ្យអ្នកសារព័ត៌មានទាក់ទងតាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្ដែក្រោយមកនាងមិនចូលឆ្លើយតបថាម៉េចទេគិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១៩ ខែឧសភា។

ពាក់ព័ន្ធបញ្ហានេះក្រុមហ៊ុន មហាហង្ស បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនមួយកាលពីថ្ងៃទី១៨ ខែឧសភា ថា បវរកញ្ញា ៣រូប បានលាលែងដំណែង Miss Grand Cambodia 2022 មកច្រើនខែហើយតែឈៀង មកុដ និងពាន មិនទាន់យកមកប្រគល់ឲ្យក្រុមហ៊ុនវិញទេ មិនថែមប៉ុណ្ណឹងទេ Miss Hang Soriyan នៅតែបន្តរយកមកុដទៅពាក់ចូលរួមកម្មវិធីផ្សេងៗទៀតផង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី