ជួបផលិតករ និងតារាភាពយន្ដល្បីឈ្មោះ មុនមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ចាប់ផ្ដើមនៅចុងនេះ

  • 2023-05-24 08:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាងរាជរដ្ឋាភិបាល តំណាងអង្គទូត តារាភាពយន្ដ ផលិតករ និងតំណាងអ្នករៀបចំមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១២ បានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាសណ្ឋាគារ Rosewood មុនកម្មវិធីផ្លូវការចាប់ផ្ដើមដំណើរការនៅចុងខែ ឧសភា នេះ។

ដូចកម្មវិធីលើកមុនៗដែរ ក្រុមការងារផលិត និងរៀបចំមហោស្រព បានបង្ហាញស្លាយខ្លីៗដែលនឹងដាក់បញ្ចាំងនៅក្នុងមហោស្រព ហើយបង្ហាញពីគោលបំណងសំខាន់ៗ ដែលមហោស្រពនេះរៀបចំឡើងជាបន្ដបន្ទាប់ ដោយគិតមកដល់ឆ្នាំ២០២៣ គឺបានចំនួន១២លើកហើយ ហើយទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។

នាយកប្រតិបត្ដិ នៃមជ្ឃមណ្ឌលធនធានសោទស្សន៍បុប្ផាណា លោក ជា សុភាព ថ្លែងថា មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកនេះ គឺកាន់តែពិសេស ព្រោះមហោស្រពបានឧទ្ទិសស្នាដៃជូនស្វាមីលោកស្រី ឌី សាវ៉េត ដែលជាផលិតករឆ្នើមក្នុងទស្សវត្ស៦០ និង៧០ ក្រោមផលិតកម្មសុវណ្ណគិរី។ លោកថា មហោស្រពលោកក្រោយៗទៀត ក៏រំលឹកដល់ម្ចាស់ស្នាដៃជំនាន់ដើមដទៃទៀតដែរ។

លោក ជា សុភាព៖ “ផលិតកម្មសុវណ្ណគិរី នេះ ផលិតបាន ២០ខ្សែភាពយន្ដ ហើយជាផលិតកម្មខ្មែរដំបូងគេបាននាំភាពយន្ដយើងទៅកាន់ឆាកអន្ដរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈមហោស្រពនេះ មិនត្រឹមតែរំលឹកនូវស្នាដៃខ្សែភាពយន្ដទេ គឺយើងរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធដែលជួយលើកស្ទួយវិស័យភាពន្ដខ្មែរតាំងពីជំនាន់ដើម រហូតដល់បច្ចុប្បន្ន”។

មហោស្រពភាពយន្ដរជាតិកម្ពុជា(CIFF) លើកទី១២ ឆ្នាំ២០២៣ នឹងបង្ហាញភាពយន្ដមកពី ៣៤ប្រទេស ដែលមានសរុបចំនួន ១៤៤ភាពយន្ដ បូករួមជាមួយភាពយន្ដខ្លីៗ ភាពយន្ដខ្នាតវែង ភាពយន្ដឯកសារ និងគំនូរជីវចលទៀតផង។ មហោស្រពដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ នៅអំឡុងពេលនោះ ប្រិយមិត្ដ អាចចូលរួមទស្សនា ឬកម្សាន្ដនូវការចាក់បញ្ចាំងភាពយន្ដរហូតដល់ ១៤០ភាពយន្ដ និងកម្មវិធីផ្សេងទៀតដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានស្ដីពីការរៀបចំមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ គឺមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌លោក ប៉ុក បុរក្ស តំណាងពីខាងបុប្ផាណា លោក ជា សុភាព តំណាងពីទូតអូស្ដ្រាលី និងអង់គ្លេស ព្រមទាំងតារាសម្ដែងស្រីជើងចាស់ ឌី សាវ៉េត និងផលិតករភាពយន្ដជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ