បិសាច​ក្រហម និង Dalot ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​ចរចា​ត​កុងត្រា

  • 2023-05-25 13:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United និង ខ្សែ​ការពារ​ស្លាប Diego Dalot កំពុង​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា​ក្នុង​ការ​ចរចា​ត​កុងត្រា​ថ្មី។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ភាគី​បិសាច​ក្រហម និង​ភាគី Dalot បាន​ចរចា​គ្នា​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​បង្អស់​ហើយ ដែល​អាច​នឹង​ឈាន​ដល់​ការ​ចុះ​កុងត្រា​ថ្មី​រវាង​ភាគី​ទាំង​ពីរ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ កុងត្រា​បច្ចុប្បន្ន​មាន​សុពលភាព​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល កុងត្រា​ថ្មី​គឺ​ជា​កុងត្រា​រយៈ​ពេល​វែង។ យ៉ាង​ណា​ក្ដី ប្រភព​មិន​បាន​បង្ហើប​ទេ​ថា កុងត្រា​ថ្មី​នឹង​ដល់​ឆ្នាំ​ណា ហើយ​ឡើង​ប្រាក់​ពលកម្ម​ទំហំ​ប៉ុន្មាន​នោះ​ឡើយ។

Dalot បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១៨។ បញ្ហា​សម្រប​ខ្លួន ដូរ​គ្រូ របួស និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ឲ្យ Dalot មិន​សូវ​បង្ហាញ​មុខ​លេង​ឲ្យ​ Man Utd ហើយ​មាន​មួយ​ពេល​នោះ​ថែម​ទាំង​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​លេង​ឲ្យ AC Milan រយៈ​ពេល​មួយ​រដូវ​កាល​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​បិសាច​ក្រហម​លោក Erik Ten Hag ខ្សែ​ការពារ​ស្លាប Dalot បាន​បង្ហាញ​ទម្រង់​លេង​ល្អ ហើយ​លេង​បាន ៤១ ប្រកួត និង​ស៊ុត​ចូល ២ គ្រាប់​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Twitter   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី