រដ្ឋគ្រោងដំឡើង​ Wi-Fi តាមតំបន់ឆ្នេរខេត្តព្រះសីហនុ ឱ្យភ្ញៀវប្រើ Free

  • 2023-05-26 07:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​បាន​រៀបចំ​ផែនការ​យកខេត្តព្រះសីហនុជាខេត្តអាទិភាព ក្នុងការ​ពង្រឹង​ និងពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ជាពិសេស​គឺគ្រោង​នឹង​ដំឡើង​ Wi-Fi សាធារណៈ​ដោយ​ឥតគិតថ្លៃ នៅតំបន់ឆ្នេរ និង​ទីប្រជុំជនអាទិភាព​ផ្សេងទៀត។ នេះ​បើតាមការថ្លែង​របស់​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទសិក្ខាសាលា​ ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សម្រាប់​គ្រប់​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣។

ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រសួង​បានរៀបចំផែនការ​យកខេត្ត​ព្រះសីហនុ ជាខេត្ត​អាទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធើណែត ទី២.ប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wi-Fi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ​ក្លាយជាខេត្តស៊ីវីល័យ​នៅតំបន់​នីរតី នៃព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុង​សិក្ខាសាលា​នេះថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។

ឯកឧត្តមបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។ ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដំណើរការ នៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្ដម្ភសម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានការប៉ះពាល់ដល់វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង។ ខេត្ត​បានបំពាក់កាមេរ៉ាសុវត្ថិភាព​ចំនួន ៥៥០គ្រាប់​នៅតាម​បង្គោលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ដើម្បីការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានកាន់តែទំនើប សូមជួយការគាំទ្រវិវិស័យប្រៃណីយ៍ ព្រោះវាមានសារៈសំខាន់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង វិស័យប្រៃណីយ៍ ក៏ជាវិស័យអទិភាពសម្រាប់សង្គមជាតិ សេចក្តីប្រើប្រាស់កាន់តែមានទំហំធំទូលាយ៕

អត្ថបទពេញនិយម