ធនាគារ ABA សហការ​ជាមួយនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រក​ជនល្មើស​ដែល​បន្លំ​ប្រើស៊ីមកាត​លួចបើក​លុយ ១០ម៉ឺនដុល្លារ​ពីជនរងគ្រោះ

  • 2023-06-02 02:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​របស់ធនាគារ​ ABA ដែល​ជាជន​រងគ្រោះ​ត្រូវជនល្មើសបន្លំ​ប្រើស៊ីម​កាត លួច​បើកលុយអស់​​ ១០ម៉ឺនដុល្លារនោះ ​បាន​ទទួលស្គាល់បញ្ហានេះហើយដោយ​បញ្ជាក់​​ថា គឺ​មិនពាក់ព័ន្ធនឹងប្រព័ន្ធ​សុវត្ថិភាព​ធនាគារ​ឡើយ។

បើតាមការប្រកាស​របស់ ធនាគារ ABA កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៣ថា ​ជុំវិញករណី​នេះ ខ្លួននឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាននាយកដ្ឋាន​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា និងភ្នាក់ងារ​នានា ដើម្បីស្វែងរក​ក្រុមពាក់ព័ន្ធ​ក្នុងបទល្មើស​ព្រហ្មទណ្ឌ​នេះ។

ធនាគារ​នេះ​អះអាងថា ខ្លួន​បាន​ធ្វើការ​ស៊ើបអង្កេត និង​បញ្ជាក់​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ខ្លួន​មាន​សុវត្ថិភាព​ពេញលេញ។

ធនាគារABA បានលើកឡើង​ដូច្នេះ​ថា៖ «យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។»

សូម​រំលឹក​ថា អតិថិជន​ម្នាក់របស់ធនាគារ ABA ដែលមាន​ឈ្មោះគណនី »Rany Beauty» បាន​ប្រកាស​នៅលើទំព័រហ្វេសប៊ុក​របស់​ថា ខ្លួន​បានបាត់​លុយ ១០ម៉ឺនដល្លារចេញពីគណនី ABA របស់​ខ្លួននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣។ ជនរងគ្រោះរូបនេះ បានសរសេរថា៖ «រយៈពេលមិនទាន់ដល់ ២៤ម៉ោងទេ លុយ ១០ម៉ឺនដុល្លារ បាត់ចេញពី​កុងធនាគារ​ខ្ញុំ ខ្ញុំកំពុងធ្វើការជាមួយ Metfone និង ABA ដាច់ខាត​ត្រូវយកលុយមកវិញឱ្យបាន​ ញើសឈាមខ្ញុំ​រយលានដំណក់»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី