កូនកតញូ! ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក វីត វីត ចិត្ដមួយនៅឱបម្ដាយ ចិត្ដមួយរំពៃដល់ការងារសិល្បៈ

  • 2023-06-02 03:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលប្រមាណ ២ឆ្នាំហើយ ដែលពិធីការិនីសម្បូរវោហារ និងសម្រស់ស្រស់ស្អាត វីត វីត ឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ដោយសារតែជាប់រវល់មើលថែម្ដាយស្ទើរ២៤/២៤ម៉ោង ដែលមានជំងឺបេះដូង និងលើសឈាមងើបពីកន្ទេលមិនរួច។ ក្នុងពេលមើលថែជំងឺម្ដាយ វីត វីត ក៏នឹកគិតដល់អាជីពសម្ដែង និងពិធីការិនីដែលខ្លួនស្រឡាញ់ស្មើជីវិតនោះដែរ។

វីត វីត បានបញ្ជាក់តាមរយៈ Sabay នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នេះ ថា កញ្ញាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដោយត្រូវមើលថែម្ដាយដែលស្រឡាញ់ស្មើជីវិត ហើយចិត្ដវិញក៏ចង់ឆ្លៀតធ្វើការងារសិល្បៈ បើមានឱកាស។ ប៉ុន្ដែសម្រាប់ពេលនេះ វាលំបាកក្នុងការឆ្លៀតទៅទៀត ព្រោះកញ្ញាមិនអាចទុកអ្នកម្ដាយចោលឡើយ។

កញ្ញា វីត វីត៖ “ខ្ញុំទន្ទឹងថ្ងៃចូលសិល្ប:វិញរៀងរាល់ថ្ងៃដរាបណាម្តាយខ្ញុំបានជាវិញតែក៏មិនដឹងថាពេលណា។ ខ្ញុំចង់និយាយទៅកាន់អ្នកគ្រប់គ្នាថា ត្រូវចេះស្រលាញ់សុខភាពខ្លួនឯងពីឥលូវនេះ…ញ៉ាំអាហារទៀងពេល ហាត់ប្រាណទៀងទាត់ សំរាកគ្រប់គ្រាន់ សុខភាពល្អគ្រួសារមានសុភមង្គល សុខភាពល្អជាផ្លូវនាំទៅរកលុយ កុំខំរកលុយភ្លេចសុខភាព បើគ្មានសុខភាពក៏មិនអាចទៅរកលុយបានដែរ”។

កាលពីដើមឆ្នាំ២០២២ វីត វីត បាននាំម្ដាយទៅលេងអាមេរិកតាមក្ដីប្រាថ្នារបស់ម្ដាយ ប៉ុន្ដែជាអកុសល្យម្ដាយនាង ស្រាប់តែជួបបញ្ហាជំងឺបេះដូងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ ចាប់តាំងពីនោះមក វីត វីត ឃ្លាត់កាន់តែឆ្ងាយពីសិល្បៈ ប៉ុន្ដែកញ្ញានៅតែចិញ្ចឹមចិត្ដចង់ចូលប្រឡូកពេញលេញឡើងវិញនៅពេលម្ដាយគ្រាន់ធូរ ហើយមានក្រុមហ៊ុន ឬផលិតកម្មផ្សេងៗផ្ដល់ឱកាស។

តារាស្រីរូបនេះ បានប្រឡូកក្នុងអាជីពសម្ដែង និងធ្វើជាពិធីការិនីជាង ១០ឆ្នាំ ក្រោមការជួយជ្រោមជ្រែងពីពិធីការិនីល្បីឈ្មោះ យុគ ចិន្ដា។ ក្នុងពេលម្ដាយសម្រាក និងព្យាបាលនៅផ្ទះនេះ វីត វីត ក៏មានពាក្យជាច្រើនចង់និយាយទៅកាន់មហាជន ជាពិសេសអ្នកគាំទ្រកញ្ញា ថាកញ្ញានឹងវិលទៅកាន់ឆាក ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ដនៅថ្ងៃណាមួយ។ ទន្ទឹមគ្នានេះកញ្ញាក៏ចង់និយាយពេក្យថា៖ “ចង់ធ្វើល្អ ចង់សងគុណ ចង់និយាយពីរោះ ចង់បង្ហាញការស្រលាញ់ ជាមួយឪពុកម្តាយ រឺជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ គឺត្រូវធ្វើភ្លាម កុំចាំស្អែក”៕

ជិន សុភ័ក្ដ្រ