តិចទៀត! ចង់ធ្វើដំណើរ​ពីកោះធំ ទៅស្ពានអ្នកលឿង មិនចាំបាច់ត្រូវឡើងមកផ្លូវជាតិលេខ១ទៀតទេ គឺមានផ្លូវថ្មីមួយ​ភ្ជាប់​ពីស្ពាន​កោះធំ​តែម្តង

  • 2023-06-02 03:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​បើកការដ្ឋាន​សាងសង់​​ផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល ដែល​ជាផ្លូវ​ថ្មីមួយ​តភ្ជាប់​ពី​ស្រុកកោះធំ ទៅស្រុកលើកដែក នៅថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ខាងមុខនេះ ក្រោមអធិបតីភាព​ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន។

យោងតាម​ការចុះផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​ថា ផ្លូវជាតិលេខ២៣​នេះ មាន​ប្រវែងសរុបជិត ២០គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ដូច្នេះ​ផ្លូវនេះជា​សមិទ្ធផល​ថ្មីមួយ​ដែល​ជួយកាត់​បន្ថយ​ពេលវេលា​ និង​ចម្ងាយនៃការធ្វើដំណើរ ជាពិសេស​​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរចេញពីស្រុកកោះធំ សំដៅ​ឆ្លងស្ពាន​អ្នកលឿង គឺ​មិនចាំបាច់​​ត្រូវឡើងទៅផ្លូវជាតិលេខ១នោះទេ គឺអាច​ធ្វើដំណើរតាមផ្លូវជាតិលេខ២៣ថ្មីនេះ ដល់ផ្លូវជាតិលេខ១៤ នៅស្រុកលើកដែក ហើយឡើងតែចម្ងាយប្រហែល ១៥គីឡូម៉ែត្រ នឹង​ទៅដល់ស្ពានអ្នកលឿងតែម្តង៕

អត្ថបទ៖ សំភី