វង្ស ថាណាន់ ពោលយ៉ាងកម្សត់ ក្រោយពីឡានតែ១គត់សម្រាប់ជិះរាល់ថ្ងៃ ត្រូវខូចខាតខ្ទេចខ្ទីអស់
- 2023-06-05 02:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វង្ស ថាណាន់ ពោលយ៉ាងកម្សត់ ក្រោយពីឡានតែ១គត់សម្រាប់ជិះរាល់ថ្ងៃ ត្រូវខូចខាតខ្ទេចខ្ទីអស់
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្ម Galaxy Navatra វង្ស ថាណាន់ បានពោលពាក្យយ៉ាងកម្សត់ ក្រោយភ្លាត់ជួបគ្រោះនឹកស្មានមិនកាលពីសប្ដាហ៍ ដោយក្នុងនោះ ខ្លួនឯងរងគ្រោះបាក់ភ្លៅខាងស្ដាំ ដោយឡែករថយន្តដែលជាមធ្យោបាយធ្វើដំណើរតែ១គត់នោះ ក៏បានរងការខូចខាតឡើងខ្ទេចមួយកំណាត់មុខ។
ក្រោយហេតុការណ៍អាក្រក់នេះ វង្ស ថាណាន់ នឹងត្រូវជួបប្រទះរឿងជាច្រើន ក្នុងនោះក្រៅពីខ្លួនឯងដែលមិនដឹងថា បន្ទាប់ពីព្យាបាលរបួសបាក់ភ្លៅរួច តើអាចដើរត្រង់ដូចដើមឬអត់នោះ គឺលោកនៅប្រឈមនឹងវិបត្តិថវិកាថែមទៀត ព្រោះថា ពីពេលនេះទៅ គឺមានតែចំណាយអត់ចំណូល។
វង្ស ថាណាន់ ថ្លែងប្រាប់សារព័ត៌មានថា ពីពេលនេះទៅ គឺត្រូវចំណាយលើការព្យាបាលរយៈពេលយូរអាចដល់រាប់ខែ ហើយងាកទៅការងារសិល្បៈក៏ត្រូវផ្អាក ថែមទៀតក្នុងកំឡុងពេលនៃការព្យាបាល ដែលធ្វើឲ្យលោកបាត់ចំណូលទាំងស្រុងពីការងារខាងក្រៅផលិតកម្ម។
មិនត្រឹមតែប៉ុណ្ណឹង តារាចម្រៀងមានប្រវត្តិកម្សត់រូបនេះ ប្រាប់ថា អំពីរឿងរថយន្ត ដែលជាមធ្យោបាយតែមួយគត់របស់លោកសម្រាប់ធ្វើដំណើរទៅគ្រប់ទិសទីប្រកបកិច្ចការងារនោះ ត្រូវខូចខាតស្ទើរតែកែលែងកើតទៅហើយនោះ។ ស្ថានភាពនេះ លោកថា មិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ព្រោះថា បើសម្រេចថាជួសជុល គឺត្រូវចំណាយរាប់ពាន់ ហើយបើលក់បានថោកពេក។
លោក ថាណាន់ ថ្លែង "បាទបង គេថាបើធ្វើប្រហែលអស់ចន្លោះ4ទៅ5ពាន់ដុល្លារបើលក់តែម្តង បានថោកណាស់បង...មិនដឹងថាធ្វើយ៉ាងម៉េចទេ...មានតែចាំមើលជាក់ស្ដែងលើថវិកាសិនបង!”។
វង្ស ថាណាន់ បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពីសប្ដាហ៍មុន។ ហេតុការណ៍នេះ គឺកើតឡើងបន្ទាប់ពីវិលត្រឡប់ពីការចម្រៀងខុនសឺតនៅប៉ោយប៉ែត។ ក្នុងដំណើរវិលត្រឡប់នេះ ខណៈជិតដល់ក្រុងភ្នំពេញទៅហើយ ដោយសារអ្នកបើកបរងងុយគេង និងងោគតែមួយភ្លែត ធ្វើឲ្យរថយន្តរបស់លោក បានទៅបុកជាមួយរថយន្តធំមួយគ្រឿងដែលឈប់លើផ្លូវនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ។ ក្រោយហេតុការណ៍ ថាណាន់ រងរបួសបាក់ភ្លៅខាងស្ដាំ ដោយឡែកតៃកុងដែលជាបងប្រុសរបស់លោក បានរបួសស្រាល។
លោកត្រូវបានក្រុមគ្រួសារ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយនៅអំឡុងពេលសម្រាកព្យាបាល លោកទទួលបានការឈឺឆ្អាលពីមេកើយ និងមិត្តសិល្បៈជាច្រើន ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលថៅកែរបស់លោកបានជួយឧបត្ថម្ភចំនួន ៥ពាន់ដុល្លារ និងតារាចម្រៀងរួមទ្រនំ Galaxy មានលោក ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ាជាដើម បូករួមមិត្តភ្តិផ្សេងទៀត ក៏បានជួយឧបត្ថម្ភរៀងៗខ្លួនដែរ។
ថវិកាពីការជួយរបស់អ្នកទាំងគ្នាខាងលើ គឺទុកប្រើសម្រាប់ការព្យាបាលដែលអាចស៊ីពេលអស់រាប់ខែ។ ដោយឡែករឿងផ្សេងទៀត ដូចជារឿងរថយន្តជាដើម លោកប្រាប់ថា គិតត្រឹមពេលនេះ លោកទាន់ដឹងថាត្រូវសម្រេចបែបណានៅឡើយទេ៕