សម្ដេចតេជោ ហ៊ុន សែន ទទួល​យក ការ​សុំទោស​របស់ មាស សុខសោភា!

  • 2023-06-05 07:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង មាស សុខសោភា គិត​ត្រឹម​ព្រឹក​មិញ​នេះ បាន​សម្រេច​លុប​ចេញ​នូវ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា "មរណភាព​ព្រះស្វាមី ជ័យ​វរ្ម័ន​ទី៧" ចេញ​ពី​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំង​អស់ ព្រម​ទាំង​សុំទោស​ថ្នាក់​ដឹក​នាំ​ផង។

ការ​សម្រេច​របស់ មាស សុខសោភា លើ​បញ្ហា​ខាង​លើ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន នាង​បាន​បញ្ចេញ​បទ "មរណភាព​ព្រះស្វាមី ជ័យ​វរ្ម័ន​ទី៧" លើ​បណ្ដាញ​សង្គម។ បទ​នោះ ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងរហូត​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី ប្រតិកម្ម និង​ឲ្យ​ម្ចាស់​បទ​លុប​ចេញ​វិញ។ គិត​ត្រឹម ព្រឹក​នេះ សោភា បាន​សម្រេច​លុប​ចេញ​អស់​ពី​បណ្ដាញ​សង្គម​របស់​នាង​ហើយ។

"មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត"។

ជាមួយ​គ្នា មាស សុខសោភា បាន​ធ្វើ​ការ​សុំទោសសម្តេចតេជោ ហ៊ុន សែន និង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស​ថែម​ទៀត ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧​នេះ ។ សោភា ថា​នាង​មិន​មាន​ចេតនា​មិន​ល្អ លើ​ប្រវត្តិសាស្ត្រ​របស់​ជាតិ​នាង​នោះ​ទេ។

"នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ"។

ចំពោះ​បញ្ហា​នេះ​ដែរ សម្ដេច​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងនៅ​ឱកាស​​អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទទួល​យក​ការ​សុំ​ទោស​ពី​តារាចម្រៀង និង​ក៏​អរគុណ​នាង​ដែល​ដឹង​ខុស ហើយ​ចេះ​ទទួល​កំហុស ចំពោះ​ករណី​នេះ៕​

អត្ថបទ៖ ទារិកា