ជិះតាមផ្លូវជាតិលេខ៦ ទៅសៀមរាប មាន​ចម្ងាយជាង ៣០០គ.ម! ចុះបើជិះតាម​ផ្លូវល្បឿនលឿន មាន​ចម្ងាយប៉ុន្មានគ.ម?

  • 2023-06-08 02:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀង​ក្របខណ្ឌ​លើ​គម្រោង​សាងសង់​ផ្លូវល្បឿនលឿន​ពី​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ​ក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់​ចិន (CRBC) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៣។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែងប្រាប់អ្នកកាសែត​ក្នុងពិធីនេះថា គម្រោង​ផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានី​ភ្នំពេញ ទៅ​ក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និង​ដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ។

បើតាម​ឯកឧត្តម​ទេសរដ្ឋមន្រ្តី តាមរយៈ​កិច្ចព្រមព្រៀង​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា ទុករយៈពេល ១២ខែ​ឱ្យក្រុមហ៊ុនធ្វើការ​សិក្សា​យ៉ាងលម្អិត​បំផុតចំពោះគម្រោងសាងសង់​ផ្លូវល្បឿនលឿននេះ។ តែយ៉ាងណាមិញ ក្រុមហ៊ុនចិននេះ​អះអាងថា ខ្លួន​ត្រូវការ​យ៉ាងយូរត្រឹម ៦ខែប៉ុណ្ណោះ ព្រោះ​បានសិក្សា​រយៈពេល​ ៥ខែមកហើយ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តម​មិនទាន់អាចបញ្ជាក់ពីទីតាំង​ពិតប្រាកដ​នៃតម្រាយផ្លូវល្បឿនលឿននេះឡើយ ដោយរង់ចាំសិក្សា​ជាមុនសិន ពោលគឺ​នឹង​ព្យាយាមបញ្ចៀស​ទីតាំង​ផល​ប៉ះពាល់ ដើម្បី​កាត់បន្ថយ​ការចំណាយ។

សូមជម្រាប​ថា កិច្ចព្រមព្រៀងក្របខណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ត្រូវមានការវិភាគសិក្សា និងគិតគូរឱ្យបានល្អិតល្អន់ជាទីបំផុត ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។ តាមការគ្រោងទុក មិនយូរជាងដំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី