រូបភាព៥សន្លឹក ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បង្ហាញស្មារតីកីឡា លើសពីស្នាមញញឹម

  • 2023-06-08 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាដែលចាប់កំណើតយូរមកហើយនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣ នេះប៉ុណ្ណោះ ដែលព្រឹត្តិការណ៍កីឡាមួយនេះ ប្រព្រឹត្តទៅនៅកម្ពុជា។

ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព” ។

ខាងក្រោមនេះ ជារូបភាព៥សន្លឹក ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានបង្ហាញពីស្មារតីកីឡា បញ្ជាក់ឱ្យដឹងថា ការប្រកួតមួយនេះលើសពីស្នាមញញឹម តែបង្កប់ដោយទឹកភ្នែកយ៉ាងមោទកភាពដើម្បីជាតិមាតុភូមិកម្ពុជា។

មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព រួមទាំងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីដណ្តើមជ័យជម្នះ និងកិត្តិយសជូនជាតិមាតុភូមិ ពោពេញដោយស្មារតីស្នេហាជាតិ និងមនសិការខ្ពស់របស់កីឡាករ កីឡាការិនីដែលជាជនមានពិការភាព ។ ទាំងអស់នេះបានសរបញ្ចាក់យ៉ាងច្បាស់ថា ទោះបីពួកគាត់ជាជនមានពិការភាពក៏មែនពិត តែការតស៊ូ និងស្មារតី ដើម្បីជាតិគឺ មិនចាញ់អ្នកដែលមានកាយសប្បទាគ្រប់គ្រាន់ឡើយ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានផ្តួចផ្តើមឡើងដំបូងនៅក្នុងឆ្នាំ២០០១ ហើយប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើជាម្ចាស់ផ្ទះ៣ដង ឥណ្ឌូនេស៊ី២ដង វៀតណាម ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងសិង្ហបុរីម្តង ឯកម្ពុជាធ្វើជាលើកទីមួយ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសដែលមិនទាន់បានរៀបចំព្រឹត្តិការណ៍នេះ គឺឡាវ ព្រុយណេ និងទីម័រខាងកើត។

សម្រាប់កម្ពុជាគឺបានទទួលយកការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ព្រមគ្នាជាមួយនឹងព្រឹត្តិការណ៍ស៊ីហ្គេមតែម្តង នៅពេលដែលព្រឹត្តិការណ៍នេះបានដល់វេនកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះ ហើយវាគាប់ជួនគ្នានឹងកម្ពុជាមានលក្ខណៈសម្បត្តិ និងជំនឿគ្រប់គ្រាន់ថា ខ្លួនអាចធ្វើបាន ផង។

ការដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទាំងពីរព្រមគ្នានេះ គឺអាចជាការបង្ហាញនូវកិត្យានុភាព និងសមត្ថភាពរបស់កម្ពុជាទៅអន្តរជាតិ និងតំបន់ថា យើងអាចធ្វើបាន ហើយម្យ៉ាងទៀតក៏ជាឱកាសបង្ហាញអំពីការគោរព និងឱ្យតម្លៃរបស់ប្រជាពលរដ្ឋ ដោយឈរនៅលើតម្លៃស្មើភាព និងគោរពនូវតួនាទី និងភារកិច្ចរបស់ពលរដ្ឋដូចៗគ្នា ដោយមិនរើសអើងផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី