ចេញហើយ​ម៉ូឌែលថ្មីសន្លាងរបស់ Lexus គឺ TX 2024 កៅអី៣ជួរ មកជាមួយ​ជម្រើស​ម៉ាស៊ីន៣ផ្សេងៗគ្នា

  • 2023-06-09 03:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​ប្រកាស​ចេញ​រថយន្ត SUV កៅអី៣​ជួរ ថ្មីសន្លាង​បំផុតរបស់ខ្លួនគឺ TX 2024 ដែល​ប្រើគ្រោង​ឆ្អឹង​ដូចគ្នា​នឹង Toyota Grand Highlander ដែរ។

ទំហំរបស់ TX នេះគឺមាន​បណ្តោយ ៥១៥៩មម, ទទឹង ១៩៨៩មម, កម្ពស់ ១៧៨១មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៤៩មម។

អាច​និយាយបាន​ថា Lexus ហាក់ដូចជាបញ្ចប់​ជីវិត​ការឌីហ្សាប៉ាណាបែបបុរាណ Spindle Grill ហើយ ដោយ TX 2024 នេះ មក​ជាមួយការឌីហ្សាញ​ប៉ាណាបែបថ្មីហៅថា «Unified Spindle» ស្រដៀង​នឹង GX 2024 ដែល​ Lexus ទើបប្រកាស​ចេញ​ដូចគ្នា រំលេច​ជាមួយ​អំពូល LED daytime running lightហើយរូបរាងរបស់វា​ រត់មិនចាញ់ខ្យល់ឡើយ (aerodynamic)។ ចំណែក​ចង្កៀង​ខាងក្រោយ ក៏លាតពេញជាពេញ Full LED Light Bar ដូច GX ផងដែរ។

ក្នុងផ្នែកកាប៊ីន វាបំពាក់​កុងទ័រឌីជីថល ១២,៣អ៊ីញ និង​អេក្រង់ថាច់ស្រ្គីន ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head Up Display ផងដែរ ហើយ​ជាពិសេស​គឺបំពាក់ Speaker Mark Levinsion ដល់ទៅ ២១គ្រាប់​ឯណោះ។ ជាមួយគា្ននេះ TX ត្រូវបានបំពាក់​ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0។

រថយន្ត Lexus TX 2024 មាន​ជម្រើស​ប្រើម៉ាស៊ីន៣ រួមមានដូចខាងក្រោម៖

១. Option TX 350: ម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤២៩ញូតុនម៉ែត្រ ដំណើរការ​ជាមួយប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុង២។

២. Option TX 500h F Sport Performance: ម៉ាស៊ីន Hybrid ចំណុះ ២,៤លីត្រ Turbocharged ផលិត​បានកម្លាំង ៣៦៦សេះ និងកម្លាំង​រមួល ៥៥៤ញូតុនម៉ែត្រ។ ដំណើរការ​ជាមួយប្រអប់លេខអូតូ ៦វគ្គ។

៣. Option TX 550h+: ម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង​សរុប ៤០៦សេះ ដំណើរការជាមួយប្រព័ន្ធប៉ុង២ Direct4។ បើរត់ដោយអគ្គិសនីសុទ្ធគឺសាកពេញ​ធ្វើដំណើរបានចម្ងាយ ៥៣គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី