មិនធម្មតាទេ! ផ្លូវលេខ៣១២ ដែលបើកការដ្ឋានសាងសង់នៅស្រុកព្រះស្តេច​ ខេត្តព្រៃវែងនេះ គឺ​ជាខ្សែផ្លូវ​យុទ្ធសាស្ត្រ​ដ៏សំខាន់

  • 2023-06-09 04:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣នេះ រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ធ្វើពិធី​បើកការដ្ឋាន​លើក​កម្រិត​ ជួសជុល និងថែទាំ​ផ្លូវខេត្ត​លេខ ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ក្រោមអធិបតី​ភាព​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ។

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គ.ម ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។

គម្រោងនេះនឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។ ការដាក់លូគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូលក្នុងគម្រោងនេះផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែងថា ផ្លូវខេត្តលេខ៣១២ ដែលប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។ បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ថវិកាសន្សំ ក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ ជំហាន២ (RNIP Phase2) ដើម្បីធ្វើការស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារអាមេរិក។

ឯកឧត្តម​បញ្ជាក់​ថា ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។

ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី