សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យបញ្ឈប់​ភ្លាម​សកម្មភាព​រឹប​អូសផ្ទះ​ប្រជាពលរដ្ឋ

  • 2023-06-09 05:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅក្នុងជំនួប​សំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួនជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) ព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣​នេះ សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​បញ្ឈប់​ភ្លាម​សកម្មភាព​រឹប​អូស​ផ្ទះ​ប្រជាពលរដ្ឋ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែងថា “បញ្ឈប់​ភ្លាម​នូវ​សកម្មភាព​រឹប​អូស ហើយ​រៀប​ចំ​ឥណទាន​ឡើង​វិញ...”។ នេះ​ជា​ការ​អន្តរាគមន៍​លើក​ទី​១ បន្ទាប់​ពី​មាន​ព័ត៌មាន ​ពី​ការ​រឹបអូសផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បង់​សង​ត្រឡប់​ទៅ​វិញ​នោះ។ យ៉ាង​ណា សម្ដេច​បញ្ជាក់​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ក៏​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង់​សង​ត្រឡប់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ ឬ​ម្ចាស់​អភិវឌ្ឍ​វិញ។

ប៉ុន្តែ​ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​ម្ចាស់​អភិវឌ្ឍ​សូម​មាន​ការ​យោគយល់ ​មាន​ការ​យោគយល់ និង​គួរ​មាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​ខ្លះ​នៅ​ក្នុង​កាលៈទេសៈសេដ្ឋកិច្ច​មានភាព​លំបាក ដោយ​ការ​បន្ថយ​ការ​បង់​បណ្ដោះអាសន្ន​នូវ​កម្រិត​សមស្រប​ណា​មួយ ឧទាហរណ៍​ប្រសិន​បើ ត្រូវ​បង់ ៥០០ដុល្លារ គួរ​បន្ថយ​មក​ត្រឹម​៣០០ដុល្លារ​អាមេរិក​ក្នុង​១​ខែ។

នៅ​ក្នុង​ករណី​នេះ​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ទាន់​នូវ​តួលេខ​ពិត​ប្រាកដ​ថា ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុន្មាន​ត្រូវ​រឹបអូស បុរីណាខ្លះ បាន​រឹប​អូស​ផ្ទះ​ប្រជាពលរដ្ឋ​។ សម្ដេច​តេជោ ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ផ្ទះ​ដែល​ត្រូវ​បាន​រឹប​អូសរួច​ហើយ​ថា ក្នុង​ករណី​នេះ សម្ដេច​ស្នើ​ឲ្យ​មាន​ការ​​ផ្ដល់​សំណង​ខ្លះ​មកផ្ទះ​លំនៅ​​ដ្ឋាន ក្នុង​ករណី​ដែល​ពួក​គេ​បាន​បង់​យូរ​ឆ្នាំ ឬ​មាន​ទំហំ​ទឹក​ប្រាក់​ច្រើន​ទៅ​ហើយ​នោះ។

“ហើយ​ផ្ទះ​ដែល​រឹប​អូស​ហើយ​ហ្នឹង​នោះ អីចឹង​ថៅកែ​ពិនិត្យ​មើល​អាច​ឲ្យ​ត្រឡប់​ទៅ​វិញ​ខ្លះ​ទេ? ព្រោះ​អាហ្នឹងយក​លុយប្រាក់​គេ​មក​ទទេ​តែ​ម្ដង អាហ្នឹង​វា​ដូច​ជា​ហួសហេតុ​ពេក​ហើយ ហួស​ហេតុពេក​ហើយ ខ្ញុំ​សូម​អង្វរ សូម​អង្វរ!”៕​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី