កម្ពុជា ក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតបវរកញ្ញាអន្តរជាតិ Miss Teen Grand

  • 2023-06-13 03:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយកម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបវរកញ្ញាកម្រិតអន្តរជាតិថ្មីមួយ ដែលមានឈ្មោះថា Miss Teen Grand International ។ កម្មវិធីប្រកួតសម្រស់ដ៏ថ្មីសន្លាងនេះ ត្រូវបានសហការរៀបចំឡើងដោយជនជាតិឥណ្ឌា និងវៀតណាម។

អ្វីដែលជាមោទនភាពនោះ គឺកម្មវិធីនេះ បានប្រគល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានបេក្ខនារីមកពីប្រទេសនៅអាស៊ី និង បណ្ដាទ្វីបផ្សេងៗជាង ២០ប្រទេស នឹងមកដណ្ដើមមកុដគ្នា។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលជាអ្នកទទួលសិទ្ធិក្នុងការរៀបចំព្រឹត្ដិការណ៍នេះ បញ្ជាក់ថា ព្រឹត្ដិការណ៍ដ៏អស្ចារ្យដែលក្រុមហ៊ុនរបស់លោក នឹងរៀបចំនេះ មិនមែនជាការប្រកួតសម្រស់លក្ខណៈថ្នាក់ជាតិដូចមុនៗទេ តែវាជាការប្រកួតកម្រិតអន្តរជាតិ ដោយមានសុទ្ធតែបេក្ខនារីមកពីប្រទេសនានាចូលរួមប្រកួតប្រជែងតែម្ដង។ លោកបន្ដថា កម្មវិធីនេះ តំណាងកម្ពុជា បានសម្រេចជ្រើសយក កញ្ញា No Farida ជាបេក្ខនារីតំណាងកម្ពុជា ដោយការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON Mall Sen Sok City។ កម្មវិធីនេះក៏មានការផ្សាយផ្ទាល់ ចាប់ពីម៉ោង ៧ល្ងាច ដល់ម៉ោង១០យប់ ផងដែរ។

បើតាមលោក អ៊ិន សុភិន ក្រោយបញ្ចប់ការប្រកួតកម្រិតអន្តរជាតិនេះ លោកនឹងត្រៀមរៀបចំការប្រកួត Miss Teen Grand Cambodia រៀងរាល់មួយឆ្នាំម្ដងៗ ឲ្យបានកក្រើកដូចគ្នា នឹងកម្មវិធីបវរកញ្ញាផ្សេងៗទៀត ហើយបើទោះជានេះ គឺជាកម្មវិធីថ្មី តែលោករំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់ ដោយសារតែវិស័យបវរកញ្ញានាពេលបច្ចុប្បន្នមានការគាំទ្រខ្លាំង នៅកម្ពុជា។

កម្មវិធីនេះ មិនផ្ដោតតែលើសម្រស់មួយមុខទេ តែក៏ផ្ដោតលើភាសា និងចំណេះដឹងទូទៅឲ្យបានខ្ពស់ផងដែរ ទើបលោកសម្រេចជ្រើសយក បេក្ខនារី No Farida ឲ្យក្លាយជាបេក្ខនារីតំណាងប្រទេស ដោយផ្អែកថានាងគឺជាបេក្ខនារីមានសមត្ថភាពទាំងនេះ។ លោកថា លោកកំពុងប្រឹងប្រែងបង្វឹកបេក្ខនារីកម្ពុជា ឲ្យកាន់តែមានសមត្ថភាពផង ដើម្បីទទួលបានឱកាសក្នុងការគ្រងមកុដ ក្នុងពេលដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះអន្តរជាតិ ជាលើកដំបូង៕

ជិន សុភ័ក្ដ្រ