Mbappe សម្រេច​មិន​បន្ត​កុងត្រា​ជាមួយ PSG

  • 2023-06-13 12:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ត្រូវ​បាន​រាយ​ការណ៍​បាន​ប្រាប់​ក្លឹប PSG ថា​មិន​ត​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៥ ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L’Équipé។

នេះ​មាន​ន័យ​ថា កុងត្រា​របស់​ Mbappe ជាមួយ​ PSG នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២៤។ ក្នុង​ករណី​នេះ PSG ត្រូវ​តែ​ផ្ទេរ​ចេញ Mbappe ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​លើក​នេះ ឬ​បណ្ដោយ​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​វ័យ ២៤ ឆ្នាំ​ចាក​ចេញ​ ដោយ​មិន​ទទួល​បាន​ប្រាក់​ផ្ទេរ​អ្វី​ទាំង​អស់​នា​រដូវ​កាល​ក្រោយ។

ការ​សម្រេច​ចិត្ត​របស់ Mbappe បាន​ធ្វើ​ឡើង​ បើ​ទោះ​ជា​មាន​ការ​បញ្ចុះបញ្ចូល និង​ការ​ចរចា​រាប់​ខែ​កន្លង​មក​ហើយ​ពី​សំណាក់​ក្លឹប PSG។

Real Madrid​ គឺ​ជា​ក្លឹប​ឈាន​មុខ​ក្នុង​ការ​ប្រជែង​ដណ្ដើម​យក Mbappe បន្ទាប់​ពី​សំដែង​ការ​ពេញ​ចិត្ត​ទៅ​លើ​កីឡាករ​រូប​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ តាម​ពិត​ទៅ កាល​ពី​រដូវ​កាល​មុន ក្លឹប​យក្ស​អេស្ប៉ាញ​ហ៊ាន​ទាំង​ចំណាយ​លុយ​ជិត ២០០ លាន​អឺរ៉ូ​ក្នុង​ការ​ផ្ទេរ Mbappe តែ​ PSG មិន​ព្រម បើ​ទោះ​ជា​ភាគី​កីឡាករ​ព្រម​ចង់​ទៅ​លេង​ឲ្យ Real Madrid។ នា​ពេល​នោះ ក្រោយ​ការ​សម្របសម្រួល​មួយ​ចំនួន Mbappe បាន​សម្រេច​បន្ត​ចុះ​កុងត្រា​ថ្មី​ជាមួយ PSG ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៤ ហើយ​អាច​ត​ដល់​ឆ្នាំ ២០២៥ បើ​ភាគី​ក្លឹប និង​កីឡាករ​ព្រមព្រៀង​គ្នា។

Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ ហើយ​លេង​ឲ្យ​ក្លឹប​សរុប​ចំនួន ២៦០ ដង និង​ស៊ុត​ចូល ២១២ គ្រាប់។ ក្នុង​រដូវ​កាល​នេះ​កីឡាករ​បន្ត​មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ស៊ុត​ចូល​ដល់​ទៅ ៤១ គ្រាប់ ក្នុង​ការ​លេង ៤៣ ប្រកួត ព្រម​ទាំង​រួម​ចំណែក​ជួយ​ PSG ឈ្នះ​ពាន​លីគ​កំពូល​បារាំង៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល