គ្រប់គ្នាអាចមិនជឿការអះអាងរបស់ បឺត សំរេច តែសង្កេតមើលទម្រង់មុខ និងទឹកដមសំនៀង ស្រដៀង ស៊ីន ស៊ីសាមុត
- 2023-06-15 04:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់គ្នាអាចមិនជឿការអះអាងរបស់ បឺត សំរេច តែសង្កេតមើលទម្រង់មុខ និងទឹកដមសំនៀង ស្រដៀង ស៊ីន ស៊ីសាមុត
ចន្លោះមិនឃើញ
សំឡេង មុខមាត់ និងការអះអាងនានារបស់អតីតកីឡាករប្រដាល់ បឺត សំរេច ថាខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត មិនទាន់ត្រូវបានប្រិយមិត្ដខ្លះជឿ១០០%នៅឡើយទេ។ ក្នុងពេលដែលមានការអះអាងតែសាមីខ្លួនបែបនេះ មានប្រិយមិត្ដខ្លះបានវិភាគលើមុខមាត់ និងទឹកដមសំនៀងរបស់លោក។
លោក បឺត សំរេច បានទម្លាយរឿងរ៉ាវជីវិតឯកជននេះ តាមរយៈកម្មវិធី”ចម្រៀងគ្រួសារខ្មែរ” កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ លោកថា ម្ដាយរបស់លោកឈ្មោះ ធីម វិច្ឆរា ជាអ្នករាំរបាំ និងជាគ្រូពេទ្យ ប៉ុន្ដែគាត់បានស្លាប់ជាយូរមកហើយ នៅសល់តែបងស្រីដែលត្រូវជាម្ដាយចិញ្ចឹមរបស់លោកដែលសព្វថ្ងៃរស់នៅខេត្ដកំពង់ឆ្នាំង។
បឺត សំរេច ថាលោកខំលាក់បាំងរឿងនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែខ្មាសគេ ហើយខ្លាចគេដៀលថា អាកូនអត់ឪពុក ព្រោះការយកគ្នាជាប្ដី-ប្រពន្ធរបស់ឪពុក-ម្ដាយរបស់លោក គឺយកគ្នាដោយលួចលាក់។ ប៉ុន្ដែមកដល់ពេលនេះម្ដាយចិញ្ចឹមរបស់លោកបានជំរុញឲ្យលោកទម្លាយរឿងនេះ ដោយសារវ័យលោកកាន់តែចាស់ហើយ ហើយម្យ៉ាងក៏គិតថាមានបងប្អូនខ្មែរយើងច្រើនណាស់ដែរទាំងនៅក្នុង និងក្រៅប្រទេសនៅគោរពស្រឡាញ់លោក ស៊ីន ស៊ីសាមុត។
គិតត្រឹមឆ្នាំ២០២៣ នេះ លោក បឺត សំរេច មានវ័យ ៤៩ឆ្នាំហើយ ពោលគឺលោកកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្នលោក និងម្ដាយចិញ្ចឹមរស់នៅខេត្ដកំពង់ឆ្នាំ ហើយយូរៗម្ដង លោកបានឡើងមកភ្នំពេញ ដើម្បីឡើងឆាកប្រគំតន្ដ្រីមួយចំនួន ហើយកាលពីយប់មិញនេះលោកបានឡើងច្រៀងក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” រហូតផ្ទុះរឿងនេះឡើងធ្វើឲ្យមហាជនចាប់អារម្មណ៍។
ក្នុងពេលចូលរួមកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ដែលដឹកនាំកម្មវិធីដោយលោក អ៊ុក ណារីម និងពិធីការិនីដ៏ស្រស់ស្អាត់ម្នាក់ទៀត លោក បឺត សំរេច បានបកស្រាយចម្រៀងមួយបទរបស់អធិរាជសំឡេងមាស៊ីន ស៊ីសាមុត គឺ”បុប្ផាកំពង់ហាវ” បានយ៉ាងពីរោះ៕