"មេតូច" មានចិត្តស្រឡាញ់បរិស្ថានតាំងពីអាយុ ៣ឆ្នាំ ដល់មានវ័យ ៧ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុន

  • 2023-06-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា Ryan Hickman បានចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន នៅកំឡុងពេលដែលរូបគេមានវ័យត្រឹម ៧ ឆ្នាំ ដោយបាននិយាយថា “ប្រសិនបើកូនក្មេងដូចជាខ្ញុំ អាចធ្វើឱ្យមានការផ្លាស់ប្តូរបាន អ្នករាល់គ្នា ក៏អាចធ្វើបានដូចគ្នាដែរ”។

Ryan Hickman នៅពេលដែលរូបគេមានអាយុ ៣ឆ្នាំ បានចាប់ផ្តើមយល់ថា គេមិនចូលចិត្តពេលដែលឃើញសំរាមដូចជា សំបកដប សំបកកំប៉ុង នៅតាមផ្លូវពាសវាលពាសកាល។ ដោយសង្កេតឃើញឯងបែបនេះ កុមារារូបនេះមានគំនិតមួយប្រមូលរបស់របរនានា ដែលគ្រួសាររបស់គេឈប់ប្រើប្រាស់ និងអាចកែច្នៃឡើងវិញបាន ទៅលក់នៅកន្លែងដែលគេទទួលទិញរបស់ទាំងអស់នោះ ដោយកាលណោះលក់បានលុយ ៥ដុល្លារ។ សកម្មភាពនេះ ហាក់បានធ្វើឱ្យចិត្តរបស់ កុមារា Ryan ពុះកញ្រ្ជោលជាខ្លាំង។ ពីពេលនោះមក រូបគេបានចាប់ផ្តើមប្រមូលរបស់របរឈប់ប្រើ របស់អ្នកជិតខាង ជាមួយនឹងស្បោងមួយដាក់នៅជាប់កង់។ នៅត្រឹមអាយុ ៧ឆ្នាំ កុមារាមាឌល្អិតចិត្តធំរូបនេះ បានចាប់ផ្តើមអាជីវកម្ម ដោយបានបើកក្រុមហ៊ុនមួយឈ្មោះ Ryan’s Recycling Company។

នៅក្នុងឆ្នាំ ២០២៣ Ryan Hickman ម្ចាស់ក្រុមហ៊ុនកែច្នៃឡើងវិញនូវរបស់របរឈប់ប្រើ មានអាយុ ១៤ឆ្នាំហើយ។ មេតូចរូបនេះ ត្រូវបានសារព័ត៍មាន CNN ចុះផ្សាយ និង បានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីល្បីៗដូចជា Ellen Show និង Today Show ហើយរូបគេបានរៀបរាប់ពីដំណើរដើមទងនៃការចាប់ផ្តើមអាជីវកម្មនៅវ័យក្មេង និង ចក្ខុវិស័យរបស់ក្រុមហ៊ុនខ្លួន។ នៅលើគេហទំព័រផ្ទាល់ខ្លួន Ryan បានដាក់លក់អាវយឺត ដែលមានពាក្យស្លោកថា “ធ្វើឱ្យសមុទ្រគ្មានសំរាម” ឫ “Make the Sea Trash Free”។ ប្រាក់ចំណេញបានមកពីការលក់អាវ និង ការកែច្នៃឡើងវិញនូវសំរាម មេតូចរូបនេះបានដាក់ចូលទៅក្នុងអង្គការសង្គ្រោះមួយ មានឈ្មោះថា Pacific Marine Mammal Center។ លុយបានមកពីបេសកកម្មដ៏មានអត្ថន័យមួយនេះ មានចំនួន ១៤០០០ដុល្លារ និង បានជួយកែច្នៃសំបកកំប៉ុង និង ដប ចំនួន ១,៥ លាន។

ក្រៅពីនោះ មេតូច មាឌល្អិតចិត្តធំ Ryan Hickman បានបង្កើតអង្គការមិនទទួលប្រាក់ចំណេញមួយ ឈ្មោះ Project 3R គោលបំណងដើម្បីធ្វើការអប់រំ និង បង្ហាញពីសារៈសំខាន់នៃការកែច្នៃរបស់ឈប់ប្រើឡើងវិញ ទៅកាន់ក្មេងៗ និង មនុស្សវ័យជំទង់ នៅជុំវិញពិភពលោក។ ពាក្យប៉ុន្មានឃ្លា ដែល Ryan Hickman បាននិយាយ “ប្រសិនបើកូនក្មេងដូចជាខ្ញុំ អាចធ្វើឱ្យមានការផ្លាស់ប្តូរបាន នោះអ្នករាល់គ្នា ក៏អាចធ្វើបានដែរ។ នៅពេលដែលយើងចាប់ផ្តើមធ្វើ ទោះបីជាតិចតួចក្តី វាអាចធ្វើឱ្យមានការកែប្រែធំមួយផងដែរ។ អរគុណដែលបានជួយខ្ញុំសម្អាតផែនដីរបស់យើង” ៕

អត្ថបទ ៖ សង្ហា