ប្រយ័ត្ន​ជួយលែងបាន! បើសុខៗស្រាប់តេក្តៅខ្លួន​ខ្លាំងភ្លាមៗលើសពី ៣៨អង្សារសេ ត្រូវទៅពេទ្យឱ្យបានលឿនបំផុត

  • 2023-06-16 03:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម នៅកម្ពុជា​ក្នុងឆ្នាំ​២០២៣ បានក្រើនរំលឹកថា ករណី​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ​លើសពី ៣៨ អង្សារសេ ត្រូវប្រញាប់​នាំអ្នក​ជំងឺ​ទៅរក​សេវាពិនិត្យ​ និង​ព្យាបាល​របស់​រដ្ឋ ដូចជា​ មណ្ឌល​សុខភាព​ និងមន្ទីរពេទ្យ ដែល​នៅជិត​បំផុត​ជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយ សូមកុំសាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុនក្តៅ​ខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដាន​ព្យាបាល​ជំងឺ​នៅក្នុងសេវាឯកជន​ដែលគ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុនឈាម​នេះ​ឱ្យសោះ។

សូម​ជម្រាប​ថា សារខាងលើនេះ គឺ​ជាវិធានមួយ​ក្នុងចំណោមវិធានការ​ចំនួន៥ ដើម្បីទប់ស្កាត់​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ធំធេង​ក្នុងសហគមន៍។

បើតាម​ក្រសួង​ឱ្យដឹងថា ជំងឺ​គ្រុនឈាម​ក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ​២០២៣​នេះ មាន​ចំនួន ៣៤៣៩ករណី។ ការចម្លង​ជំងឺគ្រុនឈាម​ បាន​ចាប់ផ្តើម​កើនឡើង​នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃបណ្តាខេត្ត​មួយចំនួន ជាពិសេស​ ខេត្ត​ដែលមាន​ការដ្ឋាន​សំណង់ច្រើន និង​មាន​ប្រជាជន​រស់នៅ​ច្រើនកុះករ។

ក្រសួង​បន្តថា កំណើន​នៃករណី​​ជំងឺ​គ្រុនឈាម​នាពេលនេះ តម្រូវឱ្យមាន​ការ​យកចិត្ត​ទុកដាក់ខ្ពស់​ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹង​អនុវត្ត​វិធានការ​ការពារ​សុខភាព​ឱ្យបាន​ល្អ​ ចៀសផុត​ពីការឆ្លង​ជំងឺគ្រុនឈាម ដោយសារ​សត្វមូស​ខ្លាញីខាំ ដែល​បានកើតឡើង​ដោយសារពពួកដង្កូវទឹក៕

អត្ថបទ៖ សំភី