៥ខែនៃឆ្នាំ​២០២៣នេះ រដ្ឋប្រមូលពន្ធដារបានជាង ១,៨ពាន់លានដុល្លារ ហើយ​នឹង​អាច​សម្រេច​តាម​ផែនការ​សម្រាប់​ឆ្នាំនេះ

  • 2023-06-16 09:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សរុប​រយៈពេល ៥ខែ​ ឆ្នាំ​២០២៣ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មានចំនួន​ ៧៣៨៩,០៨ប៊ីលានរៀល (ជាង ១,៨ពាន់លានដុល្លារ) ស្មើនឹង​ ៥១,១៤% នៃផែនការ​ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៣។

តាមរយៈស្ថានភាព​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​រំពឹងថា ការអនុវត្ត​ការងារ​គ្រប់គ្រងប្រមូលពន្ធ​សម្រាប់​ឆ្នាំ​២០២៣ ​អាច​នឹង​សម្រេច​បាន​គ្រប់តាម​ផែនការ​ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ចំនួន ១៤ ៦៤៥,៣៨ប៊ីលានរៀល (ប្រមាណ ៣៥៧១,៦៩លានដុល្លារ)។

បើគិត​តែក្នុងខែ​ឧសភា ឆ្នាំ​២០២៣ ចំណូលពន្ធ-អាករ​គ្រប់ប្រភេទ​ដែលប្រមូលបាន គឺមាន​ចំនួន ៩៥៥,៣៧ប៊ីលានរៀល (ប្រមាណ ២៣៥,៨៩លានដុល្លារ) ស្មើនឹង ៦,៦០% នៃផែនការ។ ​ជាមួយ​គ្នានេះ ​ចំណូលពន្ធ​ពីប្រតិបត្តិការ​ពាណិជ្ជកម្មន​តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ក្នុងខែឧសភា ឆ្នាំ​២០២៣ ទទួលបាន ២៣,០៩ប៊ីលានរៀល (ប្រមាណជា ៥,៧លានដុល្លារ) និងសម្រាប់​រយៈពេល ៥ខែ​ ឆ្នាំ២០២៣ ទទួលបាន ១៣១,៦៦ប៊ីលានរៀល (ប្រមាណជា ៣២,៥១លានដុល្លារ)។

គួរ​ដឹងថា ក្នុងចំណោម ៥ខែនេះ ខែដែល​ប្រមូលចំណូល​ពន្ធ​បានហក់ខ្ពស់ គឺ​ខែមីនា សម្រេចបាន ៣២៥៨,០១ប៊ីលានរៀល (ប្រមាណ ៨០៤,៤៥លានដុល្លារ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី