ដំណឹងល្អ! កំណាត់​ផ្លូវជាតិលេខ១០ ពី​ទីរួមស្រុកវាលវែង ទៅ​អូរសោម សង់​ជិត​រួចរាល់ហើយ

  • 2023-06-28 07:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​បញ្ជាក់​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៣នេះ ការដ្ឋាន​សាងសង់​ផ្លូវជាតិលេខ១០ គិត​ចាប់ពី​កំណាត់​ផ្លូវ​ទីរួមស្រុក​វាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបាន​ស្ថាបនា​ជិត​រួចរាល់ជាស្ថាពរហើយ ដែលបង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ។

តែយ៉ាងណាមិញ ចំពោះ​ការសាងសង់​ផ្លូវជាតិលេខ១០ ទាំងមូល​ គឺ​ទើបតែសម្រេចបាន​ ៦០% ប៉ុណ្ណោះ ពោលគឺ​ហាក់មានភាពយឺតយ៉ាវបន្តិច ដោយសារការសាងសង់​មានការពិបាក​ ព្រោះត្រូវឆ្លងកាត់​ជ្រោះ​ភ្នំ។ នេះបើតាម​ការឱ្យដឹងពីឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីមួយ កាលពីសប្តាហ៍មុន។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង​ ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។  ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពេល​ចុះត្រួតពិនិត្យ​ការសាងសង់ផ្លូវនេះ នាពេលកន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើ​ថា កាលដើមឡើយគម្រោងសាងសង់​ផ្លូវជាតិលេខ១០នេះ មានប្រវែងតែ ១៨៨គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារតែ​ទិសផ្លូវត្រូវប៉ះចំ​ជម្រកសត្វព្រៃ​រស់នៅ ទើប​ក្រសួងបរិស្ថាន​ស្នើសុំឱ្យបង្វែរទិស​ផ្លូវចេញឱ្យផុតពីតំបន់សត្វព្រៃ ហេតុនេះ​រាជរដ្ឋាភិបាល​ក៏បានសម្រេចប្តូរ​មុខផ្លូវនេះ​ដោយចំណាយ​ថវិកាបន្ថែម ៥៧លានដុល្លារ៕

អត្ថបទ៖ សំភី