ផ្ទុះសំណើចក្រុមអ្នកកាសែត ពេលនាយពាក់មី ទម្លាយរឿងរំលោភក្រៅឆាក

  • 2023-07-03 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងសម្បូរវោហារ ចែម ចាន់រ៉ា ហៅនាយពាក់មី នៅតែរក្សាបានប្រជាប្រិយភាពក្នុងអាជីពកំប្លែង និងសម្ដែងក្នុងខ្សែភាពយន្ដជាច្រើន។ ដើរមកដល់ចំណុចនេះ លោកទទួលបានជោគជ័យមួយកម្រិតហើយ រាប់ចាប់ទាំងពីបញ្ហាជីវភាពឡើងទៅ ពោលគឺខុសគ្នាស្រឡះកាលពីលោកនៅធ្វើការសំណង់ ហើយភរិយារបស់លោកធ្វើការរោងចក្រ។

ការរំលឹករឿងគ្រាក្រលំបាកឡើងវិញ គឺបន្ទាប់ពីអ្នកសារព័ត៌មានជជីកសួរលោករឿងមាត់រអិល ហើយថតរឿងចាប់រំលោភច្រើនដូច្នេះ តើភរិយាធ្លាប់មានចិត្ដប្រច័ណ្ឌ ឬអត់? ចម្លើយដ៏ខ្លីចេញពីមាត់របស់លោកគឺថា៖ “បើប្រច័ណ្ឌ មានតែឲ្យប្ដីទៅធ្វើសំណង់វិញ…រាល់ថ្ងៃទ្រាំហើយនេះ ខំធ្វើអីចឹងដើម្បីគ្រួសារ”។

ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗ នាយពាក់មី បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដោយនិយាយលេងសើចផង និងសម្ដីម៉ឺងម៉ាត់ផងថា៖ "បើតួរំលោភ​ក្នុង​រឿង​កុន​តិច​ទេ តែ​បើ​នៅ​ក្រៅៗ ច្រើន​ណាស់​អូន​អើយ! រាប់មិន​អស់​ទេ ទាល់​តែ​យក​កាស្យូ(ម៉ាស៊ីន​គិតលេខ) ហើយ​នៅ​អារំលោភ​អត់​ថត​ហ្នឹងច្រើន​ហ្មង"។

អ្វីដែលលោកនិយាយក្នុងទឹកមុខស្នើនេះ បែរជាធ្វើឲ្យអ្នកសារព័ត៌មាន និងមិត្ដសិល្បៈខ្លះនៅឈរក្បែរលោកផង បានផ្ទុះសំណើច។ ចាប់តាំងពីលោកបោះជំហានទៅចាប់អាជីពសម្ដែងមួយទៀតបន្ថែមលើអាជីពកំប្លែងលើឆាក ឬស្ថានីយទូរទស្សន៍ គេសង្កេតឃើញរូបទទួលបានតំណែងតួអង្គរំលោភ និងកំប្លែងស្ងួត ធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ទាក់ទងនឹងជីវិតប្ដី-ប្រពន្ធរបស់តារាកំប្លែងរូបនេះ បើទោះបីជានាយពាក់មីបញ្ចេញរូបស្និទ្ធស្នាលជាមួយតួស្រីស្អាតៗ និងឈុតរំលោភនៅលើបណ្ដាញសង្គមផង ក៏ប៉ុន្ដែគេនៅតែរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដ ឬក៏មានពេលខ្លះអន់ចិត្ដនឹងគ្នា តែគេមិនដែលឃើញអ្នកទាំងពីរឈ្លោះប្រកែកហែកហួរគ្នាតាមបណ្ដាញសង្គមឲ្យមហាជនដឹងឡើយ៕

ជិន សុភ័ក្ដ្រ