អស់ជាង​ ៣ខ្ទាស់ វង្ស ថាណាន់ អាច​ដើរបាន​ចូលស្ទូឌីយោ ហើយប្រកាសចេញបទចម្រៀងថ្មីឆាប់ៗ

  • 2023-07-04 07:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា វង្ស ថាណាន់ អាចដើរបាន និងត្រឡប់មកប្រឡូកក្នុងអាជីពចម្រៀងវិញហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅម្ដុំព្រែកព្នៅ។ ថ្ងៃនេះ វង្ស ថាណាន់ លេខមុខនៅក្នុងស្ទូឌីយោជាថ្មី ហើយប្រាប់អ្នកគាំ្រត្រៀមទទួលយកបទថ្មីរបស់លោកទៀតផង។

លោក វង្ស ថាណាន់ បានប្រាប់Sabay នៅរសៀលថ្ងៃទី៤ ខែកក្កដា នេះថា ស្ថានភាពរបួសជើងរបស់លោកបានធូរច្រើនហើយ ដោយអាចដើរបានដោយមិនចាំបាច់មានអ្នកគ្រា ប៉ុន្ដែដើរមិនសូវបានត្រង់ដូចមុននោះទេ។ ទន្ទឹមគ្នានេះលោកក៏បានបង្ហើបពីខ្ទង់ចំណាយលើថ្លៃព្យាបាលមួយរយៈនេះដែរ គឺអស់ជាង ៣០០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលថ្លៃទិញថ្នាំបន្ដលេបបន្ដិចបន្ដួចទៀត ព្រមទាំងត្រៀមថ្លៃវះកាត់ដកដែកចេញពីក្នុងជើងដែលពេទ្យកំណត់នៅឆ្នាំក្រោយនៅឡើយ។

បើតាមតារាចម្រៀងរូបនេះ រូបលោកកំពុងថតចម្រៀងមួយបទនៅក្នុងស្ទូឌីយោ ហើយមិនទាន់មានកម្មវិធីឡើងឆាកតន្ដ្រីនៅឡើយទេ។ ស្របពេលគ្នានេះលោកក៏ថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងហ្វេនៗទាំងអស់ដែលនៅតែស្រឡាញ់ គាំទ្រ និងឆ្លៀតពេលព្រួយបារម្ភពីជំងឺរបស់លោក។ ដើម្បីជាការតបស្នង វង្ស ថាណាន់ នឹងមានវត្ដមានលើឆាក និងបទចម្រៀងជាបន្ដបន្ទាប់ឡើងវិញហើយ។

ឆ្លៀតក្នុងពេលលោកបានធូរស្រាល ហើយត្រឡប់មកប្រឡូក្នុងអាជីពចម្រៀងវិញនេះ វង្ស ថាណាន់ ក៏អរគុណយ៉ាងខ្លាំងដល់អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម លោកយឹម​ តាស្រង់ ព្រមគ្រួសារGalaxyទាំងអស់ ដែលនៅក្បែរលោករហូតមក មិនទុកលោកចោល និងផ្តល់ភាពកក់ក្តៅដល់រូបលោក៕

ជិន សុភ័ក្ដ្រ