ធនាគារ​ជាតិ​ បង្ហាញ​ពីហានិភ័យធំៗចំពោះ​សេដ្ឋកិច្ចកម្ពុជា

  • 2023-07-06 09:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយរបស់​ធនាគារជាតិ​នៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ហាញ​ឱ្យដឹងថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ ៥,៤% ជាមួយ​នឹង​កម្រិត​អតិផរណាទាប​ប្រមាណ ២%។

យ៉ាងណាមិញ កម្ពុជា​ ទទួល​រងនូវ​ហានិភ័យ​សក្តានុពល​ចម្បងៗ​មាន​ប្រភព​ពីកត្តា​ខាងក្រៅ ដោយសារ​ការបើកចំហរ​សេដ្ឋកិច្ច ក៏ដូចជា​ការពឹងផ្អែក​ខ្លាំង​របស់​សេដ្ឋកិច្ចកម្ពុជាលើវិស័យ​ខាងក្រៅ។ ហានិភ័យ​ទាំងនោះ​មានដូចជា៖

១. ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃ ការនាំចេញនិងការវិនិយោគចូលមកកម្ពុជា។

២. បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

៣. ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ លើទីផ្សារអន្តរជាតិនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។

ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដានផងដែរ ក្នុងនោះអាចកើតមានឡើងពី វិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ១ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់៕

អត្ថបទ៖ សំភី