បិសាច​ក្រហម​កំពុង​ដេញ​ថ្លៃ​ទិញ​អ្នក​ចាំ​ទី​ថ្មី

  • 2023-07-06 12:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​និង​កំពុង​ដេញ​ថ្លៃ​ទិញ​អ្នក​ចាំ​ទី Andre Onana ពី​ក្លឹប​អ៊ីតាលី​ Inter Milan។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

បិសាច​ក្រហម​នឹង​បន្ត​ដំឡើង​ទំហំ​ទឹក​ប្រាក់​ដេញ​ថ្លៃ​ផ្ទេរ​យក​អ្នក​ចាំ​ទី​កាមេរ៉ូន​វ័យ ២៧ ឆ្នាំ។ រឿង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​លើក​ទី​មួយ ក្នុង​តម្លៃ​ប្រមាណ ៤៥ លាន​អឺរ៉ូ ត្រូវ​បាន​បដិសេធ​ដោយ​ក្លឹប Inter Milan។

បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន ក្លឹប​អ៊ីតាលី​ចង់​បាន​ពី​បិសាច​ក្រហម​ប្រមាណ ៦០ លាន​អឺរ៉ូ។

Onana បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Inter Milan ក្នុង​រដូវ​កាល​ ២០២២/២០២៣ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ Coppa Italia ព្រម​ទាំង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ទៀត​ផង។

បើ​សិន​ជា​ការ​ផ្ទេរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជោគជ័យ​មាន​ន័យ​ថា អនាគត​របស់​អ្នក​ចាំ​ទី​ចាស់​វស្សា David De Gea ដែល​ចាំ​ទី​មួយ​ឲ្យ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១១ មក ស្ថិត​ក្នុងភាពមិនច្បាស់លាស់។ អ្នកចាំទីអេស្ប៉ាញបានចំណាយពេលប្រមាណ ១២ ឆ្នាំ​លេងឲ្យ​ក្លឹប ដែល​មួយ​ផ្នែក​ធំ​នៃ​ឆ្នាំ​នោះ​គឺ​ជា​កំឡុង​ពេល​ដ៏​លំបាក​មួយ​សម្រាប់​បិសាច​ក្រហម។ បច្ចុប្បន្ន De Gea និង​ក្លឹប​ Manchester United កំពុង​ចរចា​កុងត្រា​ថ្មី ដោយ​ក្លឹប​ចង់​បញ្ចុះបញ្ចូល​កីឡាករ​អេស្ប៉ាញ​វ័យ ៣២ ឆ្នាំ​ឲ្យ​​នៅ​រួម​រស់​ជាមួយ​ក្លឹប​បន្ត​ទៀត៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី