Peugeot 208 ឆ្នាំ​២០២៤ រាងកាន់ឡូយ បច្ចេកវិទ្យា​ក៏មិនធម្មតា

  • 2023-07-07 04:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Peugeot 208 ស៊េរីឆ្នាំ​២០២៤ ត្រូវបាន​បង្ហាញ​ចេញ​ហើយ​ដោយមក​ជាមួយរូបរាង​ថ្មីកាន់​តែឡូយ​ជាមុន ហើយ​បំពាក់​បច្ចេកវិទ្យាកាន់តែទំនើប​ផងដែរ។ យ៉ាងណាមិញ តម្លៃរថយន្ត​នេះ មិនទាន់​ត្រូវបាន​ប្រកាសនៅឡើយទេ។

ការឌីហ្សាញ​ផ្នែក​ខាងមុខ​របស់ Peugeot ស៊េរីថ្មីនេះ ​គឺ​យកគំរូ​តាមរថយន្តស្ព័រ 9X8 Hypercar ជាពិសេស​ពិលកាង LED រាងបញ្ឈរ ៣ដើម និង​ចង្កៀងជាប្រភេទ Full LED រំលេច​ដោយ​ប៉ាណា​ដ៏ធំ។ ចំណែក​ចង្កៀង​ខាងក្រោយ​ធ្វើជា​រាងផ្តេក​ ៣ដើម​ផងដែរ និង​ជាប្រភេទ​ LED Light bar។

ផ្នែកខាងក្នុង​របស់​ Peugeot 208 2024 បំពាក់​កុងទ័រឌីជីថល ១០​អ៊ីញ និងអេក្រង់​ថាច់ស្គ្រីន ១០​អ៊ីញ អាចភ្ជាប់​ Wireless Apple CarPlay និង Android Auto។ រថយន្ត​នេះ​បាន​បំពាក់​ប្រព័ន្ធ i-Connect, រន្ធ USB-C ចំនួន៣, ដុំសាក wireless និងកាមេរ៉ាមុខក្រោយ ដែលមានកម្រិត​គុណភាព​ខ្ពស់ជាដើម។

រថយន្ត​នេះ មានជម្រើសប្រើអគ្គិសនីសុទ្ធ និង​ម៉ាស៊ីន Hybrid។ សម្រាប់​ជម្រើស​អគ្គិសនី គឺ​វាបំពាក់​កញ្ចប់អាគុយ ៥១គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រអគ្គិសនី​ជាមួយ​កម្លាំង ១៥៦សេះ ពេល​សាកពេញ អាច​ធ្វើដំណើរ​បានចម្ងាយ ៤០០គីឡូម៉ែត្រ។ ឯជម្រើស Hybrid គឺ​ប្រើ​ប្រព័ន្ធ 48-volt ជាមួយ​ម៉ាស៊ីន PureTech ១០០សេះ និងម៉ាស៊ីនសាំង ១៣៦សេះ។

Peugeot 208 2024 បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាពសំខាន់ៗដូចជា ប្រព័ន្ធគ្រប់គ្រង​ល្បឿនអូតូ, ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់អូតូ, ប្រព័ន្ធព្រមាន​ពេល​រថយន្តរេចេញពីគន្លង, មុខងារ Blind Spot និង​ប្រព័ន្ធក្រើនរំលឹក​ឱ្យផ្តោតលើការបើកបរជាដើម៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម