គុន​ខ្មែរ​កាឡាក់ស៊ី​ ណាវ៉ាត្រា​ អេភូថង៖​ នឹង​ពង្រីក​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ​

  • 2023-07-08 03:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លិប​ប្រដាល់​គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​​​​​ និង​​មាន​ទស្សនវិស័យ​យ៉ាង​វែង​ឆ្ងាយ​ ដោយ​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​បុរាណ​ដូនតា​ខ្មែរ ​​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​ឲ្យ​ពិភព​លោក​​ស្គាល់​កាន់​តែ​ច្បាស់​​។ ​​​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា ឡេង ប្រុស ​ដែល​ជា​តំណាង​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ​​នៅ​ក្នុង​កម្មវិធី​ប្រកាស​​បើក​​សម្ពោធ​សង្វៀន​ប្រដាល់​ថ្នាល​ និង​សង្វៀន​​​កម្រិត​អន្តរជាតិ​​​​កាល​ពី​​រសៀល​ថ្ងៃ​ទី​៧ ខែ​កក្កដា ​ឆ្នាំ​២០២៣ នៅ​ក្រោយ​ផ្សារ​​ព្រៃទទឹង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​។

លោក​ឧកញ៉ា ឡេង ប្រុស

​លោក​ឧកញ៉ា​ដដែល​បាន​​មាន​ប្រសាសន៍​​ថា ជា​ការ​ពិត​ទស្សនវិស័យ​របស់​ក្លិប​ប្រដាល់​ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​គឺ​មាន​​ច្បាស់​លាស់ ដើម្បី​លើក​កម្ពស់​ដល់​វិស័យ​គុន​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចំរើន ដែល​​​មាន​​ដូច​ជា​​​​ហេដ្ឋារចនាសម្ពន្ធ​​​​សមរម្យ ​សង្វៀន​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ មាន​​​បន្ទប់​​សម្រាក​​​សម្រាប់​​កីឡាករ​-​កីឡា​ការិនី​ស្អាត និង​​អនាម័យ ​ព្រម​ទាំង​មាន​​ការ​​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​កីឡាករ​ ដោយ​ផ្ដល់​​​ការ​​ហូប​ចុក​​​គ្រប់​គ្រាន់​​​ ថែម​ទាំង​មាន​ប្រាក់​បៀវត្ស​​ប្រចាំ​ខែ​ថែម​ទៀត​ផង។

រូបភាពផ្ដល់ជូន

​លោក​បាន​លើក​ឡើង​ទៀត​ថា ដើម​ហេតុ​នៃ​ការ​ចុច​យក​ក្លិប​ប្រដាល់​អេភូថង ជា​ដៃ​គូ​​ ព្រោះ​លោក​​មាន​គោលបំណង​រក្សា​នូវ​តម្លៃ​ និង​ស្នាដៃ​​របស់​លោក​អេ​ ភូថង ក្នុង​នាម​ជា​ស្ដេច​ប្រដាល់​​របស់​​កម្ពុជា​។ លោក​ពិត​ជា​ស្រលាញ់ និង​ស្ងើចសរសើរ​ដល់​លោក អេ ភូថង កាល​នៅ​ជា​កីឡាករ​​គឺ​​​កម្រ​​​​មាន​ដៃ​គូ​យក​ឈ្នះ​លោក​បាន​​ណាស់​ ​ហេតុ​ដូច្នេះ​ក្នុង​នាម​ជា​​​​អ្នក​ដែល​ស្រលាញ់​ដល់​ក្បាច់​គុន​ដូនតា​​​ខ្មែរ ​​និង​មើល​ឃើញ​​​ពី​ស្នាដៃ​ដ៏​ល្អ​របស់​លោក អេ ភូថង ​ទើប​​ក្រុម​ហ៊ុ​ន កាឡាក់ស៊ី សម្រេច​ចុច​យក​ក្លិប​​​អេ​ភូថង ជា​ដៃ​គូ​សហការ​តែ​ម្ដង​។

រូបភាពផ្ដល់ជូន

​ជុំ​វិញ​ការ​ចាប់​ដៃ​គូ​​​រវាង​​​ក្រុម​​ហ៊ុន និង​លោក អេ​ភូថង បាន​កំណត់​យ៉ាង​ហោច​ណាស់​មាន​រយៈ​ពេល​​៥​ឆ្នាំ ហើយ​ក្នុង​​កំឡុង​ពេល​នេះ​​លោក​ឧកញ៉ា​ ឡេង​ ប្រុស ជឿ​ថា នឹង​អាច​​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​ប្រដាល់​​​​ និង​ជួយ​​​ពង្រឹង​ដល់​​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​ខ្លាំង​ពូកែ​​ ដើម្បី​ប្រជែង​ប្រទេស​ជិត​ខាង​។

រូបភាពផ្ដល់ជូន

ជា​មួយ​គ្នា​នោះ​ដែរ​លោក អេ ភូថង ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លើ​វិថី​ប្រដាល់​គុន​ខ្មែរ​ លោក​មើល​ឃើញ​ថា ការ​លូក​ដៃ​របស់​​លោក​ឧកញ៉ា​ ឡេង ណារ៉ាត្រា ​និង​ក្រុម​ហ៊ុ​ន​​​ កាឡាក់ស៊ី​ ​​ក្នុង​វិថី​ប្រដាល់​​នេះ​ពិត​ជា​​អាច​ជួយ​ដល់​វិស័យ​គុន​ខ្មែរ​​មួយ​ផ្នែក​ធំ​​ ពិសេស​នោះ​លោក​ជឿ​ថា ​ប្រដាល់​គុន​ខ្មែរ​នឹង​កាន់​តែ​ល្បី​សុះសាយ​ជាក់​ជា​មិន​ខាន​ឡើយ​។ លោក​បាន​ធ្វើ​ការ​សន្យា​ថា នឹង​​​​ជ្រើស​រើស​យក​កីឡាករ​ពិសេស​ៗ​ និង​ខ្លាំង​ៗ មក​ប្រកួត​នៅ​សង្វៀន ព្រៃទទឹង ​ដែល​ធ្វើ​ការ​ប្រកួត​នៅ​រៀងរាល់​ចុង​សប្ដាហ៍​ សៅរ៍-​អាទិត្យ ​រាល់​ខែ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្វៀន​ប្រដាល់​មួយ​នេះ​​​ក្លាយ​ជា​សង្វៀន​​ល្បី​មួយ​នៅ​កម្ពុជា និង​អន្តរជាតិ​នា​ពេល​អនាគត​​៕

​​​​​​​​​​​​​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី