ម៉ា ច័ន្ទបញ្ញា ថាក្ដីស្រមៃផលិតខ្សែភាពយន្ដ ស៊ីន ស៊ីសាមុត កាន់តែស្ថិតនៅឆ្ងាយ ក្រោយបាត់បង្គោលគ្រួសារ ២នាក់
- 2023-07-10 02:56:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា ច័ន្ទបញ្ញា ថាក្ដីស្រមៃផលិតខ្សែភាពយន្ដ ស៊ីន ស៊ីសាមុត កាន់តែស្ថិតនៅឆ្ងាយ ក្រោយបាត់បង្គោលគ្រួសារ ២នាក់
ចន្លោះមិនឃើញ
គោលបំណង ឬផែនការសម្រាប់ថតខ្សែភាពយន្ដខ្នាតធំមួយបង្ហាញពីជីវិតសិល្បៈរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលធ្លាប់ផ្ដួចផ្ដើមឡើងដោយកូនប្រុសបង្កើតរបស់លោក គឺលោក ស៊ីន ច័ន្ទឆាយា កាលនៅមានជីវិត។បំណងនេះ ត្រូវបានលោកប្រាប់សិស្សៗធ្លាប់រៀនច្រៀងជាមួយគាត់ ហើយនៅថ្ងៃនេះ ស្រាប់តែមានអតីតកូនសិស្សលោក ស៊ីន ច័ន្ទឆាយា គឺលោក ម៉ា ច័ន្ទបញ្ញា លាតត្រដាងបញ្ហានេះ។
លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងវ័យក្មេងមួយរូប បានបញ្ចេញរូបថត និងទម្លាយរឿងរ៉ាមួយចំនួនទាក់ទងនឹងគម្រោងផលិតខ្សែភាពយន្ដនេះ តាមបណ្ដាញសង្គមថា ស៊ីន ច័ន្ទឆាយា ដែលជាអតីតគ្រូរបស់លោកធ្លាប់ប្រាប់ថា បើមានឱកាសលោកនឹងផលិតរឿង ស៊ីន ស៊ីសាមុត ឲ្យបានល្អ ដោយចុងក្រោយ នៃរឿងមានបញ្ចូលបទ “លាលុះអវសាន្ដ” អមដោយបុរសម្នាក់ដើរចាកចេញទៅ ពេលថ្ងៃអស្ដង្គត។
ទោះជាយ៉ាងណា ម៉ា ច័ន្ទបញ្ញា បង្ហាញក្ដីអស់សង្ឃឹមថា ក្រោយពីបាត់បង្គោលគ្រួសារពីររូប គឺលោក ស៊ីន ច័ន្ទឆាយា និងកូនប្រុសរបស់លោក គឺលោក ស៊ីន សេដ្ឋកុល ធ្វើឲ្យគ្រួសារ ឬជីវិតសិល្បៈក្នុងគ្រួសារនេះកាន់ស្ងាត់ ហើយពន្លឺ នៃការផលិតរឿង “ស៊ីន ស៊ីសាមុត” ក៏ស្ថិតនៅកាន់តែឆ្ងាយ។
បើតាម ម៉ា ច័ន្ទបញ្ញា ការដែលរូបលោក និងសិស្សៗចម្រៀងដទៃទៀតនៅក្នុងសមាគម ស៊ីន ស៊ីសាមុត បានដឹងពីគោលបំណងនេះ ក៏ដោយសារលោកគ្រូ ស៊ីន ច័ន្ទឆាយា រំលឹកឈ្មោះឪពុក ហើយនិយាយប្រាប់សិស្សៗជាញឹកញាប់ថា លោកគ្រូនៅតែចិញ្ចឹមចិត្ដចង់ផលិតរឿង”ស៊ីន ស៊ីសាមុត”ឲ្យបាន ប៉ុន្ដែជាអកុសល្យពេលនេះលោកបានស្លាប់ដោយរោគាពាធ មុនពេលបំណងដ៏ធំក្នុងជីវិតមិនទាន់បានសម្រេច៕