អាប៉ោង​កាន់​តែ​ហើបគម្រប​ សេង មង្គល និង ទ្រី ដាណា ទំនាក់ទំនង វិវត្តទៅ​១កម្រិតទៀត​ហើយ

  • 2023-07-10 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ស្រស់​សង្ហា សេង មង្គល និង​ថៅកែពេជ្រ និង​ផលិតផល​អនឡាញ ទ្រី ដាណា បាន​លេង​ល្បែង​ស្នេហ៍​លឹបលរ​អស់រយៈ​ពេល​យ៉ាង​យូរ​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ​ទំនាក់ទំនង​មួយ​នោះ​បាន​ឈាន​មក​ដល់​មួយ​កម្រិត​ទៀត​កាន់​តែ​ស៊ីជម្រៅ។

សេង មង្គល និង​ ទ្រី ដាណា ដែល​បច្ចុប្បន្ន​មាន​ងារ​ជា​ជំទាវឧកញ៉ា បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​រយៈ​ពេល​វែង​គួរ​សម​ចាប់​តាំង​ពី​ភាគី​ខាង​ស្រី បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី។ ទំនាក់ទំនង​មួយ​នេះ​ផ្ដើម​ឡើង​ពី​ការ​រកស៊ី ដែល ទ្រី ដាណា ជួល មង្គល​ដើម្បី​ថត​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ឲ្យ​ខ្លួន។ ប៉ុន្តែ​ក្រោយ​មក ក៏​ត្រូវ​បាន​គេ​ផ្គូរផ្គង ដោយ​សារ​មើល​ថា ទាំងពីរ​នាក់​សម​គ្នា។

បន្ត​នោះ​មក អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​អូសទូក​បណ្ដោយ​ទឹក ហើយ​តាំង​បង្កើត​រូបភាព​ផ្អែម​ល្ហែម​ជា​ហូរហែរ ដូច​ជា​គូសង្សារ​ដូចដែល​មហាជន ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ពួកគេ​បាន​ផ្គូរផ្គង។ យ៉ាងណា ពួក​គេ​ទាំង​ពីរ​មិន​ដែល​និយាយ​ចេញ​ពី​មាត់​ថា ពួក​គេស្រឡាញ់​គ្នា​មែន ឬ​ក៏​អត់​ជា​សាធារណៈ​នោះ​ទេ។ យ៉ាងនេះ​ក្ដី បាន​ធ្វើ​ឲ្យ​សាធារណជន​កាន់​តែ​ជឿស្លុង និង​ចង់​ឃើញ​ការ​ផ្គូរផ្គង​របស់​ពួកគេ​បាន​សម្រេច​ឆាប់​ៗ។ ដោយ​ឡែក​សាមីខ្លួន​ទាំង​សង ក៏​រឹត​តែ​ចូល​តួ​តាម​នោះ​ដែរ។

ម្សិលមិញ​នេះ ពួក​គេ​ទាំង​ពីរ​បាន​ឡើង​ឆាក​រួម​គ្នា​ថ្មី​ទៀត ក្នុង​ថ្ងៃ​សម្ពោធ​ផលិតផល​ថ្មី​របស់​ពួកគេ​ប្រភេទ​ថែ​រក្សា​​ស្បែក​ហៅ​ថា JOJOBA Whitening ដែល​ក្រោយ​មក សេង មង្គល​ ត្រូវ​បាន​ប្រកាស​ថា តារា​តំណាង​ផលិតផល​ថ្មី​នេះ​ទៀត។ ចំណុច​គួរ​ឲ្យ​កត់​សម្គាល់ ពួក​គេ​ទាំង​ពីរ បាន​ឡើង​សាសង​គ្នា​លើ​ឆាក ក្នុង​រូបភាព​ដែល​ប្រិយមិត្ត​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

សេង មង្គល និង​ទ្រី ដាណា កាន់​តែ​ស្និទ្ធ​ជាង​មុន​ទាំង​កាយវិការ និង​ពាក្យ​សម្ដី។ ឱកាស​នោះ ភាគី​ខាង​ប្រុស បាន​ប្រឡេះឡេវអាវ ហើយ​ចាប់​ដៃ​ខាង​ស្រី យក​ទៅ​ស្ទាប​ទ្រូង​របស់​គេ ដែល​ចង់​ប្រាប់​ថា អំឡុង​ពេល​សាង​គ្នា​លើ​ឆាក លោក​ពិត​ជា​ភ័យ​យ៉ាង​ប្រាកដ។ នេះ​ជា​រូបភាព ដែល​កម្រ​ឃើញ​នា​ពេល​កន្លង​មក។ ចំណុច​នេះ​ដែរ ភាគី​ខាង​ស្រី​ក៏​បាន​ទទួល​ស្គាល់​ដែរ។

ជំទាវ​ឧកញ៉ា ទ្រី ដាណា បាន​លើក​ឡើង​ថា អ្នក​នាង ពិត​ជា​មិន​ធ្លាប់​លេង​ចាប់​ដៃ ឬ​ប៉ះ​សាច់​គ្នា​ស្និទ្ធ​បែប​នេះ​ពី​មុន​មក​មែន។ យ៉ាង​ណា ពួក​គេ​នៅ​តែ​មាត់​រឹង មិន​បញ្ចេញ​នូវ​អ្វី​ដែល​គេ​ចង់​ឃើញ ចង់​លឺ​នោះ​ទេ។ ទ្រី ដាណា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​វេលា​មួយ ដែល​អ្នក​នាង​ថ្លែង៖ "សូម​ប្រកាស​​ថា រវាង​ខ្ញុំ និងលោក សេង ​មង្គល ពី​ពេល​នេះ​ទៅ...”។

ប៉ុន្តែ​ចុង​បញ្ចប់​ក្រោម​វត្តមាន​តំណាង​ចែកចាយ​របស់​ខ្លូន​រាប់​រយ​នាក់ លោកជំទាវ ប្រកាស​ថា មង្គល ជា BA ជា​ថ្មី​ទៀត​របស់​ផលិតផល​ថែ​រក្សា​សម្រស់​របស់​ខ្លួន គឺ JOJOBA Whitening។

គួរ​កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​២​ដែល សេង មង្គល បាន​ទទួល​ធ្វើ​ជា BA ឲ្យ​ជំទាវឧកញ៉ា ទ្រី ដាណា ដោយ​កាល​ពី​ឆ្នាំ​មុន លោក​ក៏​ជា BA របស់​ផលិតផល CQ10 ដែរ។ នេះ​ជា​រឿង​កម្រ ដែល​តារា​ម្នាក់​ទទួល​បាន​ការងារ​ជា BA លើ​ផលិតផល​២ផ្សេង​គ្នា​តែ​ម្ចាស់​តែ​១ក្នុង​រង្វង់​ ២ឆ្នាំ​ជាប់​ៗ​គ្នា​បែប​នេះ ដែល​សបញ្ជាក់​ថា ទ្រី ដាណា ទុក សេង មង្គល​ជា​មនុស្ស​ពិសេស​ម្នាក់។

ចំណុច​នេះ គេ​មើល​ឃើញ​ថា បើ​ទោះ​មួយ​ផ្នែក​ក្នុង​ន័យ​ពាណិជ្ជកម្ម ប៉ុន្តែ​គេ​ជឿ​ថា​ក៏​មាន លាយ​ឡំ​មនោសញ្ចេតនា​ពិសេស​នៅ​ក្នុង​នោះ​ដែរ ហើយ​បើ​ទោះ​ឥឡូវ​អាច​ថា មិន​ទាន់​មាន​អ្វី​ជ្រាលជ្រៅ ប៉ុន្តែ​អនាគត ទឹក​ចិត្ត ឬ​បេះដូង​ថ្ម​របស់​ពួក​គេ ឬ​នរណា​ម្នាក់​ក្នុង​ចំណោម​នោះ អាច​នឹង​ទន់​ជ្រាយ​តាម​កាល​វេលា។

ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ មិន​ថា​តែ​សាធារណជន ប៉ុន្តែ​សូម្បី​ពិធីការិនី ប៉ែន ស្រីពេជ្រ ក៏​ធ្លោយ​មាត់​ថា ទ្រី ដាណា និង សេង មង្គល ដូច​ជា​គូព្រេង​ពី​អតីតជាតិ។ អ្នក​ទាំង​ពីរ បើក​ភ្នែក​ធំៗ ពេល​លឺ ពិធីការិនី​ពោល​ដូច្នេះ។

សរុប​មក គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ អាប៉ោង ហើប​គម្រប​ខ្លះ​ហើយ ប៉ុន្តែ​អ្វី​ៗនៅ​មើល​មិន​ទាន់​ច្បាស់​១០០%នោះ​ទេ ហើយ​សាធារណៈជន​មើល​ឃើញ​យ៉ាង​ម៉េច...ប៉ុន្តែ​រឿង​ពិត គ្មាន​នរណា​ច្បាស់​ជាង​ពួក​គេ​ទាំង​ពីរ​ឡើយ។ ដូច្នេះ​រង់ចាំ​មើល ការ​ចូល​តួ​របស់​ពួក​គេ​បន្ត​ទៀត ថា​តើពួក​គេ​លេង​បាន​យូរ​ប៉ុណ្ណា។

ម្សិលមិញ​នេះ មាន​តំណាងចែកចាយ សិល្បករ តារា Tiktok ក៏​ដូច​ជា Influencer ជា​ច្រើន​រយ​នាក់​មក​អបអរ ជំទាវឧកញ៉ា ទ្រី ដាណា ប្រកាស សេង មង្គល ជា BA របស់​ផលិតផល​ថ្មី៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី