មហាជនចាប់អារម្មណ៍រូបថត អម្ពរ ទេវី មុនសម័យខ្មែរក្រហម ដែលទើបបែកធ្លាយ

  • 2023-07-11 04:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈ Amazing Cambodia ដែលជាទំព័រហ្វេសប៊ុកបង្ហាញរឿងរ៉ាចាស់ៗ ជាពិសេសប្រវត្ដិសិល្បករ-សិល្បការិនីជំនាន់ដើម បានបង្ហោះរូបថតអតីតារាសម្ដែងស្រី អម្ពរ ទេវី ចំនួនពីរសន្លឹកដោយមួយសន្លឹកថតនៅឆ្នាំ១៩៧៤ និងរូបថតមួយសន្លឹកទៀតថតក្នុងពេលបច្ចុប្បន្ន។

រូបថត៖ ហ្វេសប៊ុក Amazing Cambodia

រូបថតទាំងពីរសន្លឹកនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកស្នេហាវិស័យសម្ដែងជំនាន់ដើម បានកោតសរសើរថា អម្ពរ ទេវី ស្អាតតាំងពីក្មេង និងខ្លះទៀត​ ថាសម្រស់បច្ចុប្បន្នរបស់អតីតតារាសម្ដែងរូបនេះ ក៏មិនទាន់ស្រកស្រុតទៅណាដែរ។

តាមរយៈរូបថត និងការបញ្ជាក់នៅលើរូបថតកាលពីកុមារភាពក្នុងឆ្នាំ១៩៧៤ បានបង្ហាញថាតារាសម្ដែងរូបនេះក៏ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែរ។ ប៉ុន្ដែ​ដំណើរ​ជីវិត​របស់​តារា​រូប​នេះ និង​គ្រួសារ នៅ​អំឡុង​ពេល​នោះ មាន​ស្ថានភាព​យ៉ាងណា ហើយ​រស់នៅ​ឯណា មិន​ត្រូវ​បាន​គេ​បញ្ជាក់​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា វា​ជា​ភព្វសំណាងបើ​អ្នក​នាង​កើតតែ​មុន​ពេល​ប៉ុន្មាន​ឆ្នាំ នៃ​របប​ខ្មៅងងឹត​ឈាន​ចូល​មក​ដល់ ហើយ​មានឱកាស​រួច​ផុត​ពី​ការ​ធ្វើ​បាប ឬ​កាប់សម្លាប់។ ប៉ុន្ដែ​ក្រោយ​របប​នោះ អ្នកនាង អម្ពរ ទេវី បាន​កសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ​ក្នុង​សង្គមសិល្បៈខ្មែរ រហូត​មក​ដល់​បច្ចុប្បន្ន​គេ​មិន​ទាន់​ភ្លេច​ឈ្មោះ និង​ទេពកោសល្យ​សម្ដែង​របស់​នាង​នៅ​ឡើយ។

អ្នកនាង អម្ពរ ទេវី បានចាប់អាជីពសម្ដែងក្រោយ​ពី​របប​ខ្មែរក្រហមដួលរលំ ហើយរហូតបានល្បីឈ្មោះខ្លាំងក្នុងវិស័យសិល្បៈនៅអំឡុងទសវត្ស៩០ ដែលតារាសម្ដែងរួមជំនាន់មានដូចជា៖ លោក ទេព រិនដារ៉ូ លោក ខៃប្រសិទ្ធ និងយុត្ថារ៉ា ឆានី ជាដើមដែលតារាទាំងនេះបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសផង និងខ្លះរស់នៅក្នុងប្រទេសកម្ពុជាផង៕

ជិន សុភ័ក្ដ្រ