ជួប​បញ្ហា​ឡានស៊ីប្រេងម៉ាស៊ីន អ្នក​អាច​សាកល្បង​ដោះស្រាយ​ដោយខ្លួនឯងបាន បើមិនចង់ប្តូរ ឬ​រើម៉ាស៊ីន

  • 2023-07-12 08:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់​រថយន្ត​ដែល​មាន​អាយុកាលច្រើនឆ្នាំ ឬច្រើនម៉ឺនគីឡូ​ដែល​ជារថយន្តមួយទឹកនោះ គឺភាគច្រើន​សុទ្ធតែជួប​ប្រទះ​នឹង​បញ្ហារថយន្តស៊ីប្រេងម៉ាស៊ីន រហូត​ធ្វើឱ្យម្ចាស់​រថយន្ត​មួយចំនួន​ត្រូវបង្ខំ​ចិត្ត​ប្តូរម៉ាស៊ីន ឬរើម៉ាស៊ីនឡើងវិញ ដែលសុទ្ធតែត្រូវចំណាយលុយច្រើន។

ជាទូទៅ បញ្ហា​រថយន្តបាត់ប្រេង​ម៉ាស៊ីន គឺ​មានច្រើនមូលហេតុ ក្នុងនោះ គឺ​មានដូចជា​ការលេចជ្រាប​ខាងក្រៅ​ដែលយើង​អាចមើលឃើញ និងលេចជ្រាប​ខាងក្នុងម៉ាស៊ីន ដែលតម្រូវឱ្យមាន​ការដោះឆែកមើល។ យ៉ាងណាមិញ ប្រសិន​បើ​ពិនិត្យមើល​ល្អិតល្អន់អស់ហើយ ពុំឃើញ​មានការលេចជ្រាបណាមួយទេ គេ​អាច​សន្មត​បាន​នូវ​មូលហេតុទៀត​គឺដោយ​សារតែការសឹកអស់​ក្រវាត់​ប៊ីស្តុង ដែល​ធ្វើឱ្យមានចន្លោះធំ​រវាង​ប៊ីស្តុង និង​ស៊ីឡាំង ហើយ​ប្រេងក៏​បាន​ឆេះ​បាត់​ក្នុង​ប្រឡោះ​នេះផងដែរ។

រោគ​សញ្ញា​ដែលបង្ហាញ​ពី​ការសឹកអស់​ក្រវាត់ប៊ីស្តុង រួមមាន​ដូចជា ការ​ស៊ីប្រេងម៉ាស៊ីន​ច្រើន (ជិះ​៥០០គ.ម ស៊ីប្រហែល ១លីត្រ), ចេញផ្សែងមានពណ៌ខៀវ និង​ចេញផ្សែងពេលជាន់ហ្គែរ និង​ឡើងកម្តៅម៉ាស៊ីន​ជាដើម។

ចំពោះ​ភាព​សឹករិចរឹល​នៃគ្រឿងបង្គំម៉ាស៊ីន​នេះ ត្រូវបាន​ជាង​រថយន្ត​ជាច្រើន​បានផ្តល់​អនុសាសន៍​ឱ្យដំឡើងកំហាប់ប្រេងម៉ាស៊ីន ដើម្បី​កាត់បន្ថយ​ការបាត់ប្រេង។ ឧទាហរណ៍ នៅលើគម្របម៉ាស៊ីនរថយន្ត គេដាក់ 5w-30 អ៊ីចឹងអាចដំឡើងលេខ​ដល់ 5w-40 ឬ 10w-40។ ប៉ុន្តែ​ការដំឡើង​កំហាប់​បែបនេះ មិនបាន​ជួយអ្វីច្រើន​ដែរ។

យ៉ាងណាមិញ មានវិធី​មួយទៀត ដែល​ចំណាយតិចតួច​ប៉ុណ្ណោះ​ក្នុងការ​សាកល្បង​ដោះស្រាយ បើមិនចង់​ប្តូរម៉ាស៊ីន ឬត្រូវរើម៉ាស៊ីន គឺ​ការ​ចាក់​បន្ថែម​ប្រេងជំនួយក្រវាត់ នៅពេលប្តូរប្រេងម៉ាស៊ីនម្តងៗ តែធ្វើយ៉ាងណា កុំឱ្យហួសពីកម្រិត Full ឬ Maximum របស់ម៉ាកេ​ប្រេងម៉ាស៊ីន។ ចំពោះ​ប្រេងជំនួយ​ គឺមានច្រើនប្រភេទណាស់ តែសម្រាប់​រថយន្តដែលសឹក​អស់​ក្រវាត់​ប៊ីស្តុងនោះ គឺគួរតែប្រើ​ប្រេង​ប្រភេទ Smoke Stop oil ដែល​វា​ជួយ​កាត់បន្ថយ​ការស៊ីប្រេងម៉ាស៊ីន និងការចេញផ្សែង កាត់បន្ថយ​សំឡេងរំខានចេញពីម៉ាស៊ីន និង​បង្កើនកំហាប់​ប្រេងរំអិល​ជាដើម។

ដូច្នេះ លោកអ្នក​អាច​សាកល្បងប្រើ​វិធី​បន្ថែម​ប្រេងជំនួយ​នេះ​ជាមុនសិន ហើយធ្វើការតាមដានវា ថាតើ​នៅបន្តបាត់ប្រេងច្រើនដដែល ឬកាត់បន្ថយ​ការស៊ីប្រេងបានកម្រិតណាមួយនោះ ​ចាំពិចារណា​ប្រើ​វិធី​មួយទៀត​គឺ​ផ្លាស់ប្តូរ វ៉ាល់ PCV (វ៉ាល់ហ៊ើយ) ព្រោះថា​បើ​វាខូច​ក៏អាចបង្ក​ឱ្យមានការបាត់ប្រេងម៉ាស៊ីនផងដែរ៕

ប្រភព៖ Car Problem & liqui-moly

អត្ថបទ៖ សំភី

អត្ថបទថ្មី