រលាល់ខ្លួនចេញពីភក់ជ្រាំ រហូតបានប៉ុណ្ណេះ សាន ផានិត ផ្ដើមពីទុន ១៥០ដុល្លារ ទិញអាវជជុះលក់

  • 2023-07-13 04:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” សាន ផានិត និយាលម្អិតពីដំណើរឈានទៅរកអំពើអប្បាយមុខ គឺគ្រឿងញៀន ល្បែង ស្រី និងស្រារយៈពេល ៨ឆ្នាំ តាមរយៈបទសម្ភាសន៍ដ៏វែងមួយជាមួយលោកគ្រូ អឿន សារ៉ាត់។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺពេលដែលលោក សាន ផានិត អាចផ្ដាច់គ្រឿងញៀនបានដោយជោគជ័យ ហើយងាកមកកសាងគ្រួសារដ៏កក់ក្ដៅមួយវិញបាន។

លោក សាន ផានិត និយាយថា នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដែលលោកវក់វីខ្លាំងនឹងគ្រឿងញៀន គឺអារម្មណ៍លោកហាក់រស់នៅលើឋានសួគ៌។ ប៉ុន្ដែវាបានប្រែប្រួលដូចចុះនរកភ្លាមៗ ក្រោយពីលោកអស់លុយ ធ្លាក់ប្រជាប្រិយភាព ទើបដឹងថាមិត្ដភក្ដិ ឬអ្នកស្គាល់គ្នានាំលោកទៅរកផ្លូវខុសនោះ បានបោះបងលោកចោល។ លោកចាប់ផ្ដើមតែលតោល លែងមានផ្ទះរស់នៅ ដោយថ្ងៃខ្លះរកលុយជិះម៉ូតូមិនបានទៀត។

សាន ផានិត ចាប់ផ្ដើមរលាស់ខ្លួនចេញពីភកជ្រាំ នៅចុងឆ្នាំ២០១៧ ក្រោយផ្សាសាច់ផ្សាឈាមជាមួយភរិយាយរបស់លោកបច្ចុប្បន្ន។ មិនអាចផ្ដាច់បានភ្លាមៗ ភរិយាលោកក៏នាំលោកទៅបួសនៅវត្ដមួយឯស្រុកកំណើត ដោយមានការអប់រំ និងគ្រប់គ្រងចិត្ដដោយព្រះគ្រូចៅអធិការផ្ទាល់។ ក្នុងភាពជាបព្វជិត ១ឆ្នាំ ធ្វើឲ្យអារម្មណ៍របស់លោកស្ងប់ ហើយចាប់ផ្ដើមគិតគូពីអនាគត និងកសាងគ្រួសារ។

សាន ផានិត៖ “ព្រះចៅអធិការផ្ដាំថា បើរកប្រពន្ធ រៀបការរួច ព្យាយាមផ្ដាច់ឲ្យឆ្ងាយពីមនុស្សធ្លាប់ស្គាល់ចាស់ៗ។ ខ្ញុំក៏ឈប់ប្រើហ្វេសប៊ុក ប្ដូរលេខទូរស័ព្ទ ដើម្បីផ្ដាច់ទំនាក់ទំនង ហើយនាំប្រពន្ធទៅផ្ញើខ្លួនផ្ញើប្រាណនៅក្នុងខ្ទមតូចមួយក្នុងចម្ការទុរ៉េនរបស់ចៅហ្វាយខេត្ដម្នាក់នៅខេត្ដមណ្ឌលគិរី រហូតខ្ញុំ និងភរិយាមានចិត្ដគំនិតបង្កើតការរកស៊ីថ្មីៗ”។

បើតាមលោក សាន ផានិត រស់នៅក្នុងខ្ទមកម្សត់ជាមួយភរិយា បង្ហើតបានកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ ហើយលោកក៏សម្លឹងមើលការរកស៊ីអ្វីផ្សេងក្រៅពីធ្វើជាកម្មករនៅចម្ការគេ ដោយកាលណោះលោកចាប់ផ្ដើមរកស៊ីលក់ខោអាវជជុះដោយ​ប្រើ​ទុនដំបូងចំនួន ១៥០ដុល្លារ។ វាក៏ចេះតែកាក់កបរហូតមកដល់បច្ចុប្បន្ន ដែលលោកមានលទ្ធភាពបង្កើតហាងលក់ខោអាវ និងសម្ភារៈប្រើប្រាស់ធំៗចំនួនពីរទីតាំង គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

ជិន សុភ័ក្ដ្រ