អ្នកឧកញ៉ា គិត ម៉េង ចែករំលែក​គន្លឹះ ១៥ យ៉ាង អ្នកឧកញ៉ា ​ប្រើ​ជា​ប្រចាំ ធ្វើ​ជា​ឧបករណ៍​កែខៃ​ឆាកជីវិត

  • 2023-07-14 03:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដែល​អាច​នាំ​ខ្លួន​ទៅ​ឲ្យ​ដល់​គោលដៅ ឬ​ទី​ដ៏​ប្រសើរ​ណាមួយ​ថ្លៃ​ជីវិត គឺ​មិន​មែន​កើត​ឡើង​ដោយ​ឯកឯង ឬ​​ចៃដន្យ រវើរវាយ​នោះឡើយ ​ប៉ុន្តែ​វា​រមែង​កើត​ឡើង​ពី​ការ​រៀប​ចំ​ខ្លួន បង្កើត​វិន័យ​ឲ្យ​ខ្លួន​មួយ​ច្បាស់​លាស់ ហើយ​អនុវត្ត​តាម​យ៉ាង​ប្រាកដ​ប្រជា ហើយ​នោះ​ជា​ចំណុច​បែងចែក​រវាង​អ្នក​ជោគជ័យ និង​មិនទាន់​ជោគជ័យ។

អ្នក​ឧកញ៉ា គិត ម៉េង ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់ Royal Group ដែល​ក្ដោប​ក្ដាប់​ជំនួញ​ធំ​ៗ​ជា​ច្រើន នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ចែក​រំលែក​គន្លឹះ​ផ្ទាល់​ខ្លួន​ចំនួន ១៥ ដែល​អ្នក​ឧកញ៉ា ប្រើ​ជា​គ្រឿង​ដាស់តឿន ជា​ខ្សែ​បន្ទាត់​កំណត់​គោលដៅ​ជីវិត រហូត​ទទួល​បាន​សមិទ្ធផល​គួរ​ឲ្យ​ស្ងប់ស្ងែង​ក្នុង​នាម​ជា​ឧកញ៉ា​លំដាប់​កំពូល​នៅ​កម្ពុជា។ អ្នកឧកញ៉ា ចែក​រំលែក​គន្លឹះ​ទាំង​នេះ ឆ្លើយ​តប​នឹង​សំណួរ​ពី​ប្រិយមិត្ត​ជា​ច្រើន។

អ្នក​ឧកញ៉ា អធិប្បាយ​ថា "ថ្មីៗនេះ ខ្ញុំបានទទួលសំណួរមួយចំនួនដែលសួរខ្ញុំ ថាតើយើងអាចរស់នៅបែបសាមញ្ញ ប៉ុន្តែពោរពេញដោយភាពវិជ្ជមានដោយរបៀបណា? ថ្ងៃនេះ ខ្ញុំសូមចែករំលែកគន្លឹះទាំង១៥ជាលើកដំបូងរបស់ខ្ញុំ សម្រាប់ធ្វើឱ្យជីវិតយើងកាន់តែប្រសើរ ដែលខ្ញុំបានអនុវត្តពេញមួយជីវិតរបស់ខ្ញុំ។

១. គប្បីជ្រើសរើសគុណភាពជាជាងបរិមាណ

២. ត្រូវរៀនពីមនុស្សវ័យក្មេងដែលមានជំនាញខុសៗគ្នា និងគោរពចាស់ទុំដែលមានបទពិសោធច្រើនជាងយើង

៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងវិន័យក្នុងជីវិត ដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ

៤. ត្រូវមានឆន្ទៈ ក្នុងការដែលរក្សាពាក្យសម្តី ពោលគឺ និយាយអី ធ្វើហ្នឹង

៥. រក្សាភាពសាមញ្ញាដោយមិនគិចពីអ្វីស្មុគស្មាញពេក

៦. កំណត់អាទិភាពជីវិត និងការងារឱ្យបានត្រឹមត្រូវ

៧. មើលថែខ្លួនឯងជាមុន

៨. កំណត់រយៈពេលមើលទូរសព្ទក្នុងកម្រិតទាប

៩. ចូលគេងពីព្រលប់ ក្រោកពីព្រលឹម

១០. និយាយអរគុណ និងពោលពាក្យសុំទោសឱ្យបានញឹកញាប់

១១. ត្រូវដឹងថាសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតក៏ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បាននោះដែរ

១២. កាត់បន្ថយការបរិភោគអាហារនៅខាងក្រៅ

១៣. បោះបង់ចោលអតីតកាលដែលមិនល្អ

១៤. កុំបារម្ភច្រើនអំពីអនាគតដែលមិនទាន់មកដល់

១៥. ជ្រើសរើសសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសជានិច្ច និងគ្រប់កាលៈទេសៈ

អត្ថបទ៖ ទារិកា