ចំណូលពន្ធដាររបស់កម្ពុជា ព្យាករថានឹងសម្រេចបាន ១០៥% នៅឆ្នាំនេះ
- 2023-07-14 06:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលពន្ធដាររបស់កម្ពុជា ព្យាករថានឹងសម្រេចបាន ១០៥% នៅឆ្នាំនេះ
ចន្លោះមិនឃើញ
ការប្រមូលចំណូលពន្ធដារត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥% នៅឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ នឹងទទួលបានចំនួន ១៤ ៤៦៥,៣៩ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៧០លានដុល្លារ)។ ការរំពឹងនេះ បន្ទាប់ពីរយៈពេល ៦ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលប្រមូលបាន មានចំនួន ៨៣៩៣,១៧ប៊ីលានរៀល (ប្រមាណជា ២០៧២,៣៩លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួន មានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ (ថយចុះ ១២,៨៩%), វិស័យអចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣%៕