ទោះ​ចេញ​ពី​ទ្វីប​អឺរ៉ុប Ronaldo នៅ​បន្ត​ចង់​ជួយ​ព័រទុយហ្គាល់​ក្នុង​ព្រឹត្តិការណ៍ Euro 2024

  • 2023-07-18 11:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ចង់​បន្ត​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បន្ត​ទៅ​ទៀត សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​ឆ្នាំ២០២៤។

Ronaldo ធ្លាប់​ជួយ​ព័រទុយហ្គាល់​ឱ្យ​ឈ្នះ​ពាន UEFA Euro កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ។

នៅ​ពេល​សាកសួរ​អំពី​អនាគត​នៅ​ក្រុម​ជម្រើស​ជាតិ កីឡាករ​លេង​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ​បាន​លើកឡើង​ថា៖ «ខ្ញុំ​តែងតែ​ចង់​បង្កើត​ស្នាដៃ និង​បង្ហាញ​ពី​សមត្ថភាព...។ សមត្ថភាព និង​ស្នាដៃ​ទាំង​នោះ​បង្ហាញ​ថា ខ្ញុំ​អាច​ក្លាយ​ជា​គំរូ​នៃ​ភាព​គង់វង្ស​យូរអង្វែង ដោយ​នៅ​អាយុ ៣៨ឆ្នាំ​កន្លះ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ធ្វើ​នូវ​រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍»។

«តើ​ខ្ញុំ​ត្រូវ​ធ្វើ​អី​ខ្លះ? រក​គ្រាប់​បាល់ Assist ក៏​ដូច​ជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ជ្រើសរើស​សម្រាប់​ក្រុម​ជម្រើស​ជាតិ ព្រម​ទាំង​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ ជួយ​ក្រុម​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប ក៏​ដូច​ជា​បន្ត​ធ្វើ​អ្វី​ ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​អាជីព​បាល់ទាត់​ ២១ឆ្នាំ​របស់​ខ្ញុំ»។ នេះ​ជា​ការ​បន្ថែម​របស់​ Ronaldo។

សូម​ជម្រាប​ផង​ដែរ​ថា Ronaldo បាន​ចេញ​មុខ​មាត់​នៅ​ក្នុង​ពិភព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៣ ដោយ​ចាកចេញ​ពី​ព័រទុយហ្គាល់ ហើយ​ស្វែងរក​ភាព​ជោគជ័យ​នៅ​អង់គ្លេស។ កីឡាករ​រូប​នេះ​កំពុង​តែ​លេង​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៣នេះ។

Ronaldo បាន​ចូល​លេង​ឱ្យ​ក្រុម​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ២០០៣ ដោយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ១២៣គ្រាប់ និង​បង្ហាញ​ខ្លួន​បាន​២០០ប្រកួត​៕

ប្រភព៖ CNN | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម