បើបានទៅលេងកំពត កុំភ្លេចឈៀងរកទិញរបស់ញ៉ាំ ទាំង ៦ មុខនេះ អ្នកទេសចរច្រើនសរសើរមិនដាច់ពីមាត់
- 2023-07-19 02:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបានទៅលេងកំពត កុំភ្លេចឈៀងរកទិញរបស់ញ៉ាំ ទាំង ៦ មុខនេះ អ្នកទេសចរច្រើនសរសើរមិនដាច់ពីមាត់
ចន្លោះមិនឃើញ
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ។ ក្រៅពីមានរមណីយដ្ឋានជាទីទាក់ទាញ ក៏មានសំណង់ចាស់ៗបុរាណជាច្រើន ហើយកាន់តែជាពិសេសនោះ គឺមានម្ហូបអាហារប្លែកៗ និងដំណាំ ផ្លែឈើ ប្រចាំខេត្តរបស់ខ្លួន ដែលមានជម្រាបជូនដូចខាងក្រោមនេះ៖
របស់ញ៉ាំទី១ នៅខេត្តកំពត នំបញ្ចុកទឹកម្ហេច
គឺជាអាហារសម្រន់ដ៏ល្បីឈ្មោះមួយ ប្រចាំ ខេត្តកំពត។ ភ្ញៀវទេសចរណ៍ដែលមកខេត្តនេះតែងតែមកពិសា នំបញ្ចុកទឹកម្ហេច មិនដាច់ឡើយ។ នៅឃុំ ព្រៃតុំ ស្រុកទឹកឈូ ខេត្តកំពត សម្បូរទៅដោយអាហារប្រភេទនេះលក់ណាស់។
នំបញ្ចុកទឹកម្ហេច ខុសពីនំបញ្ចុកសម្លខ្មែរ ណាំយ៉ា ឬការរី ដែលចំណុចខុសនោះ គឺត្រង់ ទឹកសម្ល និង ចង្វាយនំ។
នំបញ្ចុកត្រូវបានគេធ្វើភ្លាម យកពិសាភ្លាមតែម្ដង មិនចាំបាច់ចាប់ជាចង្វាយនោះឡើយ ចំពោះទឹកសម្លវិញ ក៏ខុសគ្នាដែរ។ លក្ខណៈពិសេសនោះ ស្ថិតនៅត្រង់ទឹកសម្លនេះឯង ទឹកសម្លត្រូវបានគេធ្វើពីត្រីសមុទ្រ ដោយស្ងោរឲ្យឆ្អិន ល្មមអាចបេះបាន យកមកផ្សំជាមួយ ស្លឹកខ្ទឹម មើមខ្ទឹម ម្ទេស ទឹកត្រី ស្ករ អំបិល និងជាមួយទឹកស៊ុបដែលស្ងោរត្រី។
របស់ញ៉ាំទី២ គឺទាបំពង
ប្រសិនបើនិយាយពីទាបំពង ឬចៀន នៅផ្សារឈូក ខេត្ត កំពត គឺជាមុខម្ហូបដ៏ពេញនិយមខ្លាំងប្រចាំខេត្តមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ មុខម្ហូបមួយមុខនេះ ក៏ជាទីពេញនិយមខ្លាំងរបស់អ្នកទេសចរណ៍ផងដែរ។ អ្នកដំណើរដែលឆ្លងកាត់ទីនេះ តែងតែចុះទិញទុកពិសា ឬយកផ្ញើមិត្តភ័ក្ដិជាដើម។
បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត នោះយើងនឹងឃើញតូបតូចៗ តាមដងផ្លូវលក់ទាបំពងក្ដៅៗដែលជាកន្លែងលក់ទាបំពងដ៏ល្បី នៅផ្សារឈូក ស្រុកឈូក ខេត្តកំពត មុននឹងដល់ទីរួមខេត្តកំពត។
ចំពោះសត្វទាវិញ អ្នកលក់ច្រើនទិញពីអ្នកស្រុក ក្នុងខេត្ត កំពតតែម្ដង។ ហើយការចិញ្ចឹមវិញ គឺតាមបែបធម្មជាតិ។ ទា១ក្បាល ត្រូវបានគេលក់ក្នុងតម្លៃ ចន្លោះពី ១២០០០រៀល ដល់១៥០០០រៀល ទៅតាមគីឡូទានីមួយៗ។ ចំពោះក្បាលវាវិញ១ ថ្លៃ២០០០រៀល គ្រឿងក្នុង១ចង្កាក់ប្រមាណជា ១០០០រៀល ផងដែរ។
របស់ញ៉ាំទី៣ គឺនំស្លឹកចាក អ្នកទៅលេងខេត្តកំពត ប្រហែលជាធ្លាប់ឃើញ ឬក៏ធ្លាប់បានទិញនំស្លឹកចាកទទួលទាន។ នំនេះមិនត្រឹមទាក់ទាញការទទួលទទួលទានពីអ្នកក្នុងស្រុកនោះទេ សូម្បីអ្នកនៅក្រៅប្រទេស បានមកលេងកំពត ជារឿយៗក៏រកនំស្លឹកចាកញ៉ាំផងដែរ។
នំនេះធ្វើឡើងពីអង្ករដំណើបដែលត្រាំហើយ កិនអោយទៅជាម្សៅ រួចលាយជាមួយស្ករត្នោត ល្ងរ និងដូង បន្ទាប់មក គេវេចខ្ចប់វាដោយស្លឹកចាក មុននឹងយកទៅអាំងបន្ត។ អ្នកដែលធ្លាប់បរិភោគនំប្រភេទនេះ ច្រើនសរសើរថាឆ្ញាញ់ និងមានក្លិនឈ្ញុយជាប់ច្រមុះ។
ហើយអ្វីដែលធ្វើឱ្យនំនេះឈ្ងុយ ក៏ព្រោះតែស្លឹកចាកនេះតែម្ដង។
របស់ញ៉ាំទី៤ ចាហួយដូង
បើអ្នកធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣១ ពីថ្នល់បែកគុស ទៅស្រុកកំពុងត្រាច ខេត្តកំពត មកដល់ម្ដុំភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ទឹកដីខេត្តកំពត នៅសងខាងផ្លូវឃើញមានលក់ដូងជាហូរហែ។
មិនមែនមានតែដូងទេ ប្រសិនអែបខាងផ្លូវ រួចចូលទៅអង្គុយលេងបន្តិច និងឃើញមានតាំងពីស្ករត្នោត ស្ករផែន ឪឡឹក ត្រសក់ស្រូវ ជាពិសេសគឺចាហួយដូង ដែលមានក្លិនឈ្ងុយទាក់ទាញអ្នកដំណើរ។
គេធ្វើចាហួយដូង ពីទឹកដូង សាច់ដូង ម្សៅចាហួយ និងស្ករ ដូចៗគ្នា តែរសជាតិមិនដូចគ្នាទេ។ ព្រោះតែរូបមន្ត នៃបច្ចេកទេសធ្វើខុសគ្នាពីម្នាក់ទៅម្នាក់។ គេលក់ចាហួយដូង ដោយដាក់វាក្លាសេត្រជាក់ៗ។ ដូចនេះបើជិះតាមផ្លូវកំពតឃើញ កុំភ្លេចឈៀងចូលទិញភ្លក្ស។
របស់ញ៉ាំទី៥ នំដង្កូវ នំដង្កូវ របស់អ្នកកំពត មនុស្សមួយចំនួនគិតថា ជាជានំបែបបុរាណ ឬមួយទៀតគេអាចនិយាយបានថាជានំបែបជនបទ ប៉ុន្ដែរសជាតិវិញមិនចាញ់នំទីក្រុងឡើង ភ្ញៀវទេសចរដែលបានភ្លក្សនំនេះ ច្រើនតែសរសើរមិនដាច់ពីមាត់ឡើយ។
នំដង្កូវ ត្រូវបានអ្នកស្រុកកំពតផលិតនៅជាទ្រង់ទ្រង់សិប្បកម្ម ឬលក្ខណៈគ្រួសារ នំរបស់សិប្បកម្មខ្លះ មិនត្រឹមលក់ក្នុងស្រុកនោះទេ ថែមទាំងនាំចេញទៅលក់នៅខេត្តផ្សេងៗផងដែរ។
នំដង្កូវដែលមានក្លិនឈ្ងុយៗ ត្រូវធ្វើឡើងដោយសូនចេញរូបរាងប៉ុនៗសត្វដង្កូវ និងឆូតស្នាមៗអោយដូចដង្កូវ បន្ទាប់មកគេយកវាទៅដុតក្នុងឡនំ។ គេប្រើគ្រឿងផ្សំ មានដូចជាម្សៅមី ស្ករស ខ្ទិះដូង និង ពងទាជាដើម។
របស់ញ៉ាំទី៦ គឺទុរេន
ទុរេន ជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិឈ្មុយឆ្ងាញ់ ហើយចំពោះតំលៃវិញ អាចថាថ្លៃគួរសម ប៉ុន្ដែជាពិសេសទុរេននៅខេត្តកំពតតែម្តង គឺមានរសជាតិឈ្ងុយឆ្ងាញ់ ខុសពីបណ្តាខេត្តផ្សេងៗ ដែលគ្រប់គ្នាកម្ររំលងមិនទិញញ៉ាំណាស់ ពេលបានទៅលេងខេត្តកំពត នារដូបទុរេនផ្លែម្ដងៗ។